ឃាតករកាប់សម្លាប់ យាយអាយុ៨៤ឆ្នាំ សារភាពថា ៖ ខ្លួនបានផឹកស្រាលាយច្រើនពេក ទើបមានកំហឹងខឹងមួយឆាវ ក៏យកខ្វែវកាប់យកតែម្តង
បាត់ដំបង ៖ នៅក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ជនសង្ស័យឈ្មោះ សឿង ទន់ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាឃាតករកាប់សម្លាប់ លោកយាយអាយុ៨៤ឆ្នាំ បានសារភាពថា ខ្លួនបានផឹកស្រាលាយច្រើនពេកទើបមានកំហឹងខឹងមួយឆាវក៏យកខ្វែវទៅកាប់តែម្តង ។
ជនសង្ស័យខាងលើ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុពេលព្រឹក រូបគេបានផឹកស្រាកម្ពុជាអស់០១យួរ ហើយពេលថ្ងៃផឹកថែមស្រាថ្នាំចិនសែ អស់០២លីត្រទៀត ទើបមានកំហឹងខឹងមួយឆាវ ក៏បានជិះកង់ទៅយកខ្វែវមកកាប់លោកយាយ ចំនួន០២ខ្វែវ រួចជិះកង់គេចខ្លួនតែម្តង។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា កិច្ចប្រតិបត្តិការតាមស្វែងរកជនសង្ស័យដែលប្រើរយះពេលយូរ ដោយសារភូមិសាស្ត្រដែលជនសង្ស័យសង្ងំលាក់ខ្លួនមានភាពស្មុគស្មាញនិងភ្នំច្រើន ជាភូមិសាស្ត្រដែលជនសង្ស័យរស់នៅចេញចូលឡើងរកផ្សិតជាមួយម្តាយជាង១០ឆ្នាំហើយទើបគេងាយស្រួលសម្ងំលាក់ខ្លួនបាន រហូតដល់ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចលោមព័ទ្ធបាននៅពេលជនសង្ស័យចុះដើរឆ្លងផ្លូវដើម្បីស្វែងរកចំណីហូប។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១៣និង១០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ជនសង្ស័យ ឈ្មោះ សឿង ទន់ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើសកម្មភាពដោយជិះកង់យកខ្វែវទៅកាប់លោកយាយឈ្មោះ ហោ ប៉ុក អាយុ៨៤ឆ្នាំ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង បណ្តាលអោយស្លាប់រួចជិះកង់គេចខ្លួនបាត់ ៕
ដោយ ៖ សាលី