លោកជំទាវ ញ៉ែម សាខន សខេង នាំយកទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃ ចំនួន៣៣វត្ត ក្នុងខេត្តបាត់ដំបង

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងបុត្រាបុត្រីបានធ្វើពិធីប្រគេនទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទាន និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ជូនដល់ព្រះសង្ឃចំនួន៣៣វត្ត នៅខេត្តបាត់ដំបង។

ពិធីនេះដែរប្រារព្ធធ្វើឡើងនៅក្នុងភូមិគ្រឹះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលទេយ្យវត្ថុប្រគេនព្រះសង្ឃទាំង៣៣វត្តនាព្រឹកនេះរួមមាន -ទៀនចំណាំព្រះវស្សាក្នុងមួយវត្តៗចំនួន០១គូរ, ស្លាដក, ភេសជ្ជៈ, ទឹកសុទ្ធ, អង្ករ, ផ្លែឈើមួយកន្ត្រក, ទឹកត្រី, ទឹកស៊ីអ៊ីវ រួមទាំងបច្ច័យមួយចំនួនទៀតផងដែរ សម្រាប់ព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សាអស់ត្រីមាស រយៈពេល០៣ខែ ជារដូវកាលភ្លៀងធ្លាក់ខ្លាំង ព្រះសង្ឃមិនពិបាកក្នុងការនិមន្តចេញបិណ្ឌបាទចង្ហាន់នោះ ។

ហើយចំពោះពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា និងបរិក្ខាផ្សេងៗនេះដែរ ធ្វើឡើងក្នុងគោលបំណងឧទ្ទិសបុណ្យកុសលជូនវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងភរិយារបស់សម្ដេច ព្រមទាំងមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាលះបង់អាយុជីវិត ក្នុងការស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋដូចបច្ចុប្បន្ននេះ ។

គួរបញ្ជាក់ផងថា រៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ នាថ្ងៃទី១រោច ខែអាសាឍ ខាងមុខនោះ ថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធបរិស័ទ តែងតែនាំទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគ្រប់ៗវត្តដើម្បីបានដល់ព្រះសង្ឃសម្រាប់ការប្រើប្រាស់ក្នុងពេលវេលានៃការកាន់ព្រះវស្សារយៈពេល៣ខែតាមពុទ្ធាអនុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ៕

ដោយ ៖ សាលី

CATEGORIES
Share This