ចាប់ខ្លួនស្ត្រី០១នាក់ តាមដីកាបង្គាប់លេខ ៥៤១ របស់សាលាដំបូងខេត្តបាត់ដំបង
បាត់ដំបង ៖ ស្ត្រីជនជាប់ចោទ០១នាក់ ត្រូវបានកម្លាំងជំនាញ អាវុធហត្ថខេត្តបាត់ដំបង ចុះសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្សារអគ្គ ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានអោយដឹងថា ជនជាប់ចោទត្រូវបានចាប់ខ្លួនឈ្មោះ រឿន អី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិនិមិត្ត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលករណីសមត្ថកិច្ចអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ៥៤១ ត.ព្រ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ របស់លោក គី ទីម៉េង ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០២១ នៅក្នុងខេត្តបាត់ដំបង ។
បន្ទាប់ពីចាប់ខ្លួន បច្ចុប្បន្នស្ត្រីជនជាប់ចោទ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងអនុវត្តតាមនីតិវិធី ៕
ដោយ ៖ សាលី