រដ្ឋបាលខេត្តកំពង់ស្ពឺ ជម្រុញលើកកម្ពស់អនាម័យការផ្គត់ផ្គង់ទឹកស្អាត នៅទីជនបទឱ្យកាន់តែល្អប្រសើរឡើង និងសម្រេចតាមគោលដៅ ឆ្នាំ២០៣០

កំពង់ស្ពឺ ៖ ដើម្បីលើកកម្ពស់អនាម័យការផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទឱ្យកាន់តែល្អប្រសើរឡើងនិងសម្រេចតាមគោលដៅឆ្នាំ២០៣០លោក ស្រ៊ុន ស្រ៊ន អភិបាលរងខេត្តកំពង់ស្ពឺ បានក្រើនរំឭកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបន្តជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទៅដល់ទីជនបទឱ្យបានគ្រប់គ្រាន់ ដើម្បីលើកកម្ពស់សុខមាលភាព និងដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ការណ៍ក្រើនរំឭកនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារឆមាសទី១និងលើកទិសដៅឆមាសទី២ស្តីពីការផ្គត់ផ្គងទឹកស្អាតនិងអនាម័យជនបទ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។

លោក ស្រ៊ុន ស្រ៊ន បានលើកឡើងថា កំណើននៃអ្នកវិនិយោគទុនលើវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ គឺជាការចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងការសម្រេចឱ្យបានជោគជ័យនូវតំបន់ដាច់ស្រយាលនិងឆ្ងាយពីវិស័យទឹកស្អាតនិងអនាម័យសកល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយលទ្ធផលវឌ្ឍនភាពជាវិជ្ជមាននេះ កើតឡើងដោយសារតែការខិតខំប្រឹងប្រែងផ្ទាល់របស់រាជរដ្ឋាភិបាលគួបផ្សំនឹងការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល ជាមួយដៃគូអភិវឌ្ឍ ក៏ដូចជាផ្នែកពាក់ព័ន្ធផ្សេងៗ រួមទាំងវិស័យឯកជនផងដែរ ។

ជាមួយនោះលោកបានស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យគិតពីបញ្ហាសុខភាពនិងកៀគររកធនធានពីសប្បុរសជន ដៃគូអភិវឌ្ឍនានាក្នុងការលើកកំពស់សុខភាពហើយអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងយន្តការរបស់ខ្លួនដឹកនាំធានាឱ្យមានអនាម័យស្អាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយអង្គភាពស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាដើម្បីផ្គត់ផ្គង់ទឹកស្អាត ដោយសហការជាមួយដៃគូអភិវឌ្ឍនានា នៅតាមមូលដ្ឋាន នៅតាមគ្រឹះស្ថានសិក្សា សាលាចំណេះទូទៅ ត្រូវយកចិត្តទុកដាក់សាងសង់សម្ភារទឹកស្អាត អប់រំសិស្សឱ្យយល់ពីផលវិបាកនៃការខ្វះអនាម័យនៅតាមសាលា និងគ្រួសារ ហើយគ្រប់គ្រួសារត្រូវសាងសង់បង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន ការអប់រំ និងផ្សព្វផ្សាយនូវចំណេះដឹងពីការលើកកម្ពស់សុខភាព និងអនាម័យនៅជនបទឱ្យបានកាន់តែទូលំទូលាយ  ព្រមទាំងជម្រុញឱ្យក្រុមការងារបច្ចេកទេសបន្តផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋលើការលើកកម្ពស់អនាម័យដើម្បីក្លាយជាខេត្តODFផ្លឹសនៅឆ្នាំ២០២៦ខាងមុខ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This