ឯកឧត្តម ស សុខា ជំរុញឱ្យអភិបាលខេត្តស្ទឹងត្រែងថ្មី យកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ ជូនពលរដ្ឋ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ស្ទឹងត្រែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ និងគោលការណ៍ណែនាំគន្លឹះៗ ទៅកាន់អភិបាលខេត្តស្ទឹងត្រែងថ្មី ឯកឧត្តម សរ សុពុត្រា ឱ្យការបន្តថែរក្សានិងពង្រឹងសន្តិភាព ស្ថិរភាពនយោបា​យ សន្តិសុ​​​ខសណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ការដោះស្រាយជម្លោះដីធ្លី ការទប់ស្កាត់រាល់បទល្មើសរំលោភកាន់កាប់ដីរដ្ឋ ព្រៃឈើ និងការបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ កំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ ការដឹកនាំ ការគ្រប់គ្រង និងរបៀបរបបបំពេញការងារ។

ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់រដ្ឋបាលខេត្តស្ទឹងត្រែង យកចិត្តទុកដាក់ដឹកនាំការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពិសេសការចរាចរណ៍ឆ្លងកាត់ព្រំដែន ពង្រឹងការធានាសុវត្ថិភាពម្ហូបអាហារនិងឱសថ ពិសេសការអប់រំនិងបញ្ចៀសកុំឱ្យកុមារតូច ទទួលទានអាហារផ្អែមច្រើនលើសកម្រិត ពិនិត្យលទ្ធភាពឈានទៅកាត់បន្ថយ និងបញ្ចប់ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ពង្រឹងគុណភាពសេវាផ្សេងៗ រួមទាំងសេវាអត្តសញ្ញាណកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានល្អជាមួយអាជ្ញាធរជាប់ព្រំដែន។

សូមបញ្ជាក់ថា ឯកឧត្តម សរ សុពុត្រា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ អតីតអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួសឯកឧត្តម ស្វាយ សំអ៊ាង ដែលត្រូវតែងតាំងតួនាទីថ្មីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

CATEGORIES
Share This