សមត្ថកិច្ច បង្ក្រាបក្រុមក្មេងទំនើងចំនួន០៦នាក់ ប្រើដាវកាប់គ្នាបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងចំនួន៦នាក់ ក្នុងចំណោមបក្សពួក១០នាក់ ដែលធ្វើសកម្មភាពកាប់គ្នា បណ្ដាលឲ្យជនរងគ្រោះម្នាក់របួសធ្ងន់ ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោយទទួលបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញា ឃាត់ខ្លួនក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ ចំនួន០៦នាក់ ចំណែក៤នាក់បន្ថែមទៀតកំពុងរត់គេចខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងនគរបាលជំនាញនៅបន្តស្រាវជ្រាវ តាមចាប់ក្រុមទាំងនេះ មកផ្តន្ទាទោសច្បាប់ឲ្យបានដាច់ខាត់។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី៦ ខែកក្កដា ២០២៤ កន្លងទៅ មានក្រុមក្មេងទំនើងមួយក្រុមមានគ្នា​ប្រមាណ១០ បានធ្វើសកម្មភាព កាប់ទៅភាគីម្ខាងទៀត បណ្ដាលឲ្យជនរងគ្រោះម្នាក់របួសធ្ងន់ នៅចំណុចផ្លូវ ១៦៨K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៦នាក់ ​ត្រូវបាន​កម្លាំងនគរបាលជំនាញ ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនខ្លួន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ

CATEGORIES
Share This