មិនទាន់មានការតែងតាំង ចៅអធិការវត្តទួលប្រាសាទនៅក្រុងប៉ោយប៉ែត ដូចអតីតចៅអធិការដែលសឹកព្រោះបរាជិក បានបំផុសអោយប្រឆាំងនោះឡើយ
បន្ទាយមានជ័យ ៖ គណ:សង្ឃ មន្ទីរធម្មការ អាជ្ញាធរ អាចារ្យនិងពុទ្ធបរិស័ទមិនទាន់មានគម្រោង តែងតាំងចៅអធិការវត្តុសុធម្មារាម (ទួលប្រាសាទ) ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅឡើយទេ បន្ទាប់ពីមានការភ្ញាក់ផ្អើលការប្រកាសតែងតាំង ចៅអធិលារវត្តថ្មី កាលពីថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៤ ។
នេះបើតាមមន្ត្រីសង្ឃ មន្ត្រីធម្មការនិងសាសនា អាជ្ញាធរដែនដី ក៏ដូចអាចារ្យ គណៈ:កម្មការបានអោយដឹងកាលពីថ្ងទី១០ ខែកក្កដា ឆ្នាំ២០២៤ ។ ពោលគឺ វាផ្ទុយស្រឡះពីអ្វីដែលឈ្មោះ ស៊ុំ សុធី អតីតចៅអធិការដែលសឹកព្រោះបរាជិក បានបំផុសអោយមានចលនាប្រឆាំងនោះឡើយ ។
ប្រភពព័ត៌មានអោយដឹងថា នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ មានកិច្ចប្រជុំមួយនៅវត្តឃោសត្ថារាម (ស្រះត្រាច) សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លើរបៀបវារ: ដើម្បីពិភាក្សា ត្រួតពិនិត្យការនិងរៀបចំសមាសភាពគណ:គ្រប់គ្រង់វត្តសុធម្មារាម(ទួលប្រាសាទ) ក្រោមវត្តមានលោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត លោក ញឹម ផឿង អភិបាលរង-តំណាងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក ភោក លន ចៅសង្កាត់ប៉ោយប៉ែត ។ ឯខាងជំនាញមានលោកប្រធានការិយាល័យធម្មការក្រុងប៉ោយប៉ែត ព្រះសមណាភិរ័ត ប៉ោ សុឃឿន ព្រះអនុគណក្រុងប៉ោយប៉ែត និងមន្ត្រី អ្នកពាក់ព័ន្ធ ។ ពោលគឺ ការៀបចំសមាសភាពគណ:គ្រប់គ្រង(គណ:កម្មការគ្រប់គ្រង) បណ្តោះអាសន្នក្នុងអន្តរកាល ដែលវត្តនេះគ្មានគ្រូចៅអធិការវត្ត ហើយរចនាសម្ព័ន្ធចាស់កាលពីព្រះគ្រូ ស៊ុំ សុធី ចៅអធិការ ក៏គ្មានគ្រូសូត្រស្តាំ និងគ្រុសូត្រឆ្វេងដែរ ។
សូមរំលឹកថា ព្រះគ្រូ ស៊ុំ សុធី ចៅអធិការវត្តសុធម្មារាម(ទួលប្រាសាទ) បានលាចាកសិក្ខាបទ (សឹក) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ។ ការសឹកនេះ កើតឡើងក្រោយបុគ្គលនេះ កាលនៅជាបព្វជិត បានមានទំនាក់ទំនងស្នេហាស៊ីជម្រៅ ជាមួយស្ត្រីម្នាក់ (លក់ដូរក្នុងវត្ត) រហូតមានកូន២នាក់ ។
ដោយសារមានរឿងអាស្រូវផ្លូវភេទបែបនេះ មន្ត្រីសង្ឃ មន្ត្រីសមត្ថកិច្ចធម្មការ និងសាសនា មន្ត្រីអាជ្ញាធរដែនដី ក៏ដូចអាចារ្យ គណៈ:កម្មការ ព្រមទាំងពុទ្ធបរិស័ទ បានជួបប្រជុំនិងសម្របសម្រួលដោយសន្តិវិធីជាច្រើនលើកដើម្បីអោយព្រះគ្រូ ស៊ុំ សុធី ចៅអធិការវត្តធ្វើការសម្រេចចិត្ត ព្រោះបើពុំដូច្នោះទេ វាបង្កអោយប៉ះពាល់និងបំផ្លាញដល់ព្រះសង្ឃ វត្តនិងពុទ្ធសាសនា ។
ទីបំផុតបុគ្គលចៅអធិការវត្តនោះ បានសឹកដូចវេលាខាងលើ ។ ប៉ុន្តែពីនោះមក ឈ្មោះ ស៊ុំ សុធី អតីតចៅអធិការវត្តនិងស្ត្រីម្នាក់នោះ បានស្នាក់នៅនិងប្រកបរបរលក់ដូរនៅក្នុងវត្តដដែល ហើយបង្កបញ្ហាមួយចំនួនដូចជា មិនព្រមចាកចេញពីវត្ត, នៅប្រើឥទ្ធិពលនិងជ្រៀតជ្រែក និងគូសវាសអោយព្រះសង្ឃអង្គនេះ អង្គនោះ ដែលមានទំនាក់ទំនងជិតស្និតនឹងខ្លួនអោយធ្វើជាចៅអធិការវត្តបន្តវេន ។
ករណីនេះ អន្ទិត ស៊ុំ សុធី បានអោយដឹងថា កាលខ្លួននៅជាព្រះគ្រូចៅអធិការវត្ត លោកបានចេញលិខិតផ្ទេរតួនាទីមួយចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដោយសូមប្រគល់តួនាទីជាព្រះគ្រូចៅអធិការវត្តប្រគេនព្រះភិក្ខុរិទ្ធិញារណា សូត រឹត ដែលបួសបាន១២វស្សា ។
ប្រភពព័ត៌មានបន្តថា បន្ទាប់មក បុគ្គលអតីតចៅអធិការវត្តរូបនេះ ក៏បានគៀរគរចលនាប្រឆាំងនឹងអ្វីដែលខ្លួនគិតថា មន្ត្រីសង្ឃ មន្ត្រីធម្មការនិងអាជ្ញាធរអាចនិមន្តគ្រូសូត្រស្តាំ ឬសូត្រឆ្វេងពីខាងក្រៅ ទៅធ្វើជាចៅអធិការវត្ត ។
ចលនាប្រឆាំងនេះ ក៏លេចចេញជាសកម្មភាព រូបភាពបង្ហោះខ្លឹមសារតាមបណ្តាញសង្គមនិងសារព័ត៌មានខ្លះផងដែរ ។
ឆ្លើយតបករណីនេះ មន្ត្រីសង្ឃ មន្ត្រីសមត្ថកិច្ចធម្មការនិងសាសនា មន្ត្រីអាជ្ញាធរដែនដី ក៏ដូចអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទបានអោយសារព័ត៌មានដឹងថា កាលពីព្រះគ្រូ ស៊ុំ សុធី នៅជាចៅអធិការ ព្រះអង្គពុំមានតែងតាំងឬរៀបចំរចនាសម្ព័ន្ធជាគ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង លេខាវត្តឡើយ ។ ពោលគឺសិទ្ធិ អំណាចអ្វីៗប្រមូលផ្តុំនៅលើចៅអធិការវត្តទាំងអស់ ។
គឺមានតែអាចារ្យ គណ:កម្មការដែលតែងតាំងដោយមន្ទីរធម្មការនិងសាសនាខេត្ត បានចេញសេចក្តីសម្រេចតែងតាំងក្នុងលិខិតលេខ៦២៤ មធសបជ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កន្លងមក ។
ដោយសារចៅអធិការវត្តបានសឹក ទើបមន្ត្រីសង្ឃ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះទៅជួបប្រជុំនិងសម្របសម្រួលដោះស្រាយរៀបចំសមាសភាពគណ:គ្រប់គ្រងវត្តក្នុងអន្តរកាលដើម្បីដឹកនាំ គ្រប់វត្ត ពិសេស ថែរក្សាជំនឿពីពុទ្ធបរិស័ទលើសាសនា ព្រះសង្ឃ កិត្តិនាមវត្ត ដើម្បីអោយវត្តនៅតែដំណើរការជាធម្មតា ។
និយាយរួម គឺ មិនទាន់មានការជ្រើសរើសឬតែងតាំងព្រះគ្រូចៅអធិការថ្មីរបស់វត្តនេះ នាពេលនេះឬក្នុងពេលឆាប់ៗនោះទេ ។ ឯនិតិវិធីនៃការតែងតាំងក៏មិនមែនចៅអធិការវត្តដែលសឹកទៅហើយនោះ ចង់ផ្ទេរឬតែងតាំង ប្រគល់សិទ្ធិអោយព្រះសង្ឃអង្គនេះឬអង្គនោះ តាមចិត្តចង់របស់ខ្លួនដែរ ។
ទោះយ៉ាងណា. វត្តត្រូវតែមានអ្នកទទួលខុសត្រូវ និងគ្រប់គ្រងបណ្តោះអាសន្ន ។ ហើយនិតិវិធីរបស់គណ:សង្ឃ , ធម្មការនិងអាជ្ញាធរគឺមានចែង និងបានអនុវត្តរួចមកហើយ ក្នុងការចេញសេចក្តីសម្រេច តែងតែាំងឬផ្ទេរភារកិច្ច ៕