អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ រាយការណ៍ពីកំណើនសកម្មភាពទ័ពអាកាសចិន បន្ទាប់ពីនាវាផ្ទុកយន្តហោះបើកឆ្លងកាត់កោះ

នៅថ្ងៃព្រហស្បតិ៍ (១១ កក្កដា) នេះ អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានរាយការណ៍ថា ខ្លួនបានរកឃើញការកើនឡើងនៃយន្តហោះយោធាចិន ដែលកំពុងប្រតិបត្តិការជុំវិញកោះនេះ បន្ទាប់ពីនាវាផ្ទុកយន្តហោះចិនមួយគ្រឿង បានបើកឆ្លងកាត់ទៅភាគខាងត្បូងនៃកោះតៃវ៉ាន់ តាមផ្លូវធ្វើសមយុទ្ធនៅសមុទ្រប៉ាស៊ីហ្វិក។

កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានត្អូញត្អែរពីសកម្មភាពយោធាចិនម្តងហើយម្តងទៀតក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។ ប្រមុខអាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធថា នាវាផ្ទុកយន្តហោះចិន សានតុង (Shandong) បានឆ្លងកាត់ជិតប្រទេសហ្វីលីពីន ក្នុងដំណើរឆ្ពោះទៅកាន់សមយុទ្ធប៉ាស៊ីហ្វិក។

នៅក្នុងបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួនអំពីសកម្មភាពយោធាចិនក្នុងរយៈពេល ២៤កន្លងមកនេះ ដែលចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ កោះតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៦៦ គ្រឿងដែលកំពុងប្រតិបត្តិការនៅជុំវិញកោះនេះ។

អាជ្ញាធរនេះបាននិយាយថា ក្នុងចំណោមនោះ មាន ៣៩ គ្រឿងបានឆ្លងទៅភាគខាងត្បូង និងភាគអាគ្នេយ៍នៃកោះ ហើយធ្លាប់និយាយមុននោះថា ខ្លួនបានរកឃើញយន្តហោះចំនួន ៣៦ គ្រឿងដែលកំពុងធ្វើដំណើរទៅកាន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីធ្វើសមយុទ្ធជាមួយនាវាផ្ទុកយន្តហោះចិន សានតុង។ ក្រសួងការពារជាតិចិន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើសកម្មភាពរបស់នាវា សានតុង នោះទេ៕

CATEGORIES
Share This