មន្ត្រីជាន់ខ្ពស់មហាផ្ទៃ ៖ ដើម្បីឱ្យការគ្រប់គ្រងល្បែងស៊ីសង មានប្រសិទ្ធិភាព លុះត្រាតែបើកមួយបង្ក្រាបមួយ

កំពង់ស្ពឺ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃលោក ជួន សុវណ្ណ បានលើកឡើងថា ដើម្បីឱ្យការគ្រប់គ្រងល្បែងស៊ីសងនៅមូលដ្ឋានទទួលបានប្រសិទ្ធិខ្ពស់ អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ក្រុងស្រុកត្រូវតែអនុវត្តវិធានការបើកមួយ បង្ក្រាបមួយ ឬបើកមួយ បិទមួយ។ការណ៍ធ្វើឡើងគ្រាដែលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីលើការងារទប់ស្កាត់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤នៅរដ្ឋបាលខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បញ្ជាទៅតាមបណ្តារាជធានី ខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យអនុវត្តឱ្យខានតែបាននូវបញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ប្រយោជន៍ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសគឺកសាងទំនុកចិត្តជូនពលរដ្ឋមកលើរាជរដ្ឋាភិបាល។

លោកថា រាជរដ្ឋាភិបាលបានបញ្ចប់សុពលភាពអាជ្ញាប័ណ្ណល្បែងនៅឆ្នាំ២០២៦នៅទូទាំងប្រទេស ដោយមិនបន្តសុពលភាពនិងមិនឱ្យមានការបង្កើតថ្មីនោះទេ។នៅទូទាំងរាជធានី ខេត្តកន្លងមកទីតាំងល្បែងមានរហូតដល់ទៅជាង៦ពាន់ទីតាំង(៦១១៣កន្លែង) តែក្រោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ទីតាំងទាំងនោះក៏ត្រូវបានផ្អាកនិងបិទជាស្ថាពរ។

ប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីលោក ជួន សុវណ្ណ ក៏បានលើកឡើងដោយគូសបញ្ជាក់បន្ថែមថា ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់និងតឹងរឹងបំផុតពីសម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងនេះក្តី ក្រុមការងារស្រាវជ្រាវពិសេសក៏បានរកឃើញថានៅមានខេត្ត រាជធានីប្រមាណជា១០និងមានទីតាំងប្រមាណ១០៦ទីតាំងបាននិងកំពុងបើកដំណើរការឡើងវិញនូវល្បែងស៊ីសងគ្រប់ប្រភេទនេះ ដោយក្នុងនោះក៏មានខេត្តកំពង់ស្ពឺផងដែរ។ទន្ទឹមនិងការបើកដំណើរការឡើងវិញនេះដែរ ប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថាគឺមានទីតាំងខ្លះគឺជាប្រយោជន៍ក្នុងមូលដ្ឋាន និងក្រោមហេតុផលថាមិនដឹង។

ជាមួយនោះ មន្ត្រីជាន់ខ្ពស់មហាផ្ទៃលោក ជួន សុវណ្ណ ក៏បានរំឭកដល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងវិធានការក្នុងការគ្រប់គ្រងនិងទប់ស្កាត់ការងើបឡើងវិញនូវល្បែងស៊ីសងគ្រប់ប្រភេទទាំងល្បែងមានអាជ្ញាប័ណ្ណនិងគ្មានអាជ្ញាប័ណ្ណនៅតាមមូលដ្ឋាន ដោយក្នុងនោះលោកថាវាគ្មានអ្វីពិបាកក្នុងការគ្រប់គ្រងនិងទប់ស្កាត់នោះទេ គឺសំខាន់អាជ្ញាធរនិងសមត្ថកិច្ចពិសេសមន្ត្រីនគរបាលយុត្តិធម៌មានការតាំងចិត្តឬអត់និងមិនមានជាប់ពាក់ពន្ធ័និងផលប្រយោជន៍តែប៉ុណ្ណោះ និយាយជារួមគឺបើកមួយ បង្ក្រាបមួយ ឬបើកមួយ បិទមួយ ។ហើយបើយើងមិនអនុវត្តវិធានការនេះទេ នោះយូរទៅជំងឺនិងមានភាពស៉ាំទៅនិងថ្នាំ យូរៗទៅវានិងក្លាយជាជំងឺមហារីកពិបាកព្យាបាលណាស់ ជាងនេះយើងក៏ត្រូវអនុវត្តនូវវិធានការ៣កុំរបស់ឧបនាយកដ្ឋមន្ត្រីក្រសួងមហាផ្ទៃឱ្យមានប្រសិទ្ធិភាពផងដែរ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This