រត់គេចខ្លួនជិត០២ខែ នៅតែត្រូវសមត្ថកិច្ច ចាប់ខ្លួនពីបទហឹង្សា
បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឯកភ្នំ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបាន បន្ទាប់ពីរត់គេចសម្ងំលាក់ខ្លួនជិត០២ខែ ក្រោយធ្វើសកម្មភាពកាប់ប្រហារ ទៅលើបុរសម្នាក់ជាច្រើនកាំបិត អោយរងរបួសធ្ងន់់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជនសង្ស័យមានឈ្មោះ នី វ៉ាន់និត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជនសង្ស័យខាងលើបានធ្វើសកម្មភាពដោយប្រើកាំបិតកាចែត កាប់ទៅលើជនរងគ្រោះឈ្មោះ សល់ សឺន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ជាច្រើនកាំបិតអោយរងរបួសធ្ងន់។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងកាំបិតកាចែត ០១ដើម កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ចូនទៅស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ សាលី