បុណ្យផ្កាប្រាក់សាមគ្គី នៅវត្តគីរីជុំចំការខ្នុរ ក្នុងក្រុងសិរីសោភ័ណ ដើម្បីប្រមូល បច្ច័យជួយកសាងសមិទ្ធផលនានាវត្តខ្មែរទាំង៩
បន្ទាយមានជ័យ ៖ នៅថ្ងៃទី៦ ទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅវត្តគិរីជុំចម្ការខ្នុរ ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូល បច្ច័យជួយកសាងសមិទ្ធផលនានា វត្តខ្មែរចំនួន៩ នៅដែនដីពុទ្ធភូមិ នៃប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់ ។
ព្រះសមណ:ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត មន្ត្រីសង្ឃ ស្រុកក្រុងនិងពុទ្ធបរិស័ទជិតឆ្ងាយព្រមទាំងសហការី អាជីវករជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ក្នុងគោលបំណង ប្រមូលបច្ច័យដើម្បីបានកសាងនៅវត្តខ្មែរទាំងប្រាំបួន នៅដែនដីពុទ្ធភូមិនៃប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់ ព្រមទាំងសម្រាប់ជួយឧបត្ថម្ភ ព្រះសង្ឃដែលគង់នៅទីនោះ កំពុងជួបប្រទះនៃការខ្វះខាត។
ព្រះសមណ:ញាណ ណាប់ ម៉ឺន បានមានសង្ឃដីការបញ្ជាក់ថា ចំពោះវត្តខ្មែរនីមួយៗ គឺជាកន្លែង ទីស្ថានដែលព្រះអង្គទ្រង់ប្រសូតព្រះអង្គទ្រង់បានត្រាស់ដឹង ស្ថានទីព្រះអង្គទ្រង់សម្ដែងនូវ ព្រះធម៌ ធម្មចក្តប្បវត្តនសូត្រ ស្ថានទីដែលព្រះអង្គទ្រង់សម្ដែង លោកបាដិហារ្យ ៣៥០០០បដិហារ្យ ព្រះពុទ្ធសម្ដែងនូវឱវាទបាតិមោក្ខ និងព្រះពុទ្ធសម្តែង នូវ រតនៈសូត្រ ព្រះអង្គយាងចូលបរិនិព្វាន ព្រះពុទ្ធអង្គទ្រង់គង់នៅអស់រយៈពេល ២៥វស្សា និងជាទីស្ថានដែលព្រះអង្គទ្រង់ចុះចាកទីឋានតាវតឹង។
គួរបញ្ជាក់ផងដែរថា សមិទ្ធផលបទខ្មែរទាំងប្រាំបួននេះស្ថាបនិកដឹកនាំកសាងដោយព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា ទុកជាសម្បត្តិជាតិ សម្បត្តិព្រះពុទ្ធសាសនា និងជាតំណាងខ្មែរយើងក្នុងទីស្ថានអ្នកកាន់ព្រះពុទ្ធសាសនា និងតួនាទីធ្វើសក្ការបូជាជាទីស្នាក់អាស្រ័យរបស់ ព្រះភិក្ខុសង្ឃ ពុទ្ធសាសនិកខ្មែរ គ្រប់ៗរូប ទាំងក្នុងនិងក្រៅប្រទេស ។
ដោយឡែក បច្ច័យដែលទទួលបានក្នុងអង្គផ្កាប្រាក់មហាសាមគ្គីនេះ សរុបជាង ១៨លានរៀល ចំណែកឯការចំណាយផ្សេងៗ ដូចជាចង្ហាន់ ភេសជ្ជៈ ក្នុងកម្មវិធីទាំងពីរថ្ងៃនេះ គឺជាគឺជា សទ្ធាជ្រះថ្លា ពី ពុទ្ធបរិស័ទ និង ក្រុមអាជីវករ៕