ឯកឧត្តម ស សុខា ៖ ប្រតិបត្តិការចុះឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារទូទាំងប្រទេស បានរកឃើញសម្ភារៈមិនគប្បីមួយចំនួន

ឧត្ដរមានជ័យ ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំង តាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារៈមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជា៖ អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនេះ មានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្របតាមគោលការណ៍ ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការលើកឡើងរបស់សង្គមស៊ីវិលមួយចំនួននោះឡើយ។ ការបញ្ជាក់ពីប្រមុខក្រសួងមហាផ្ទៃយ៉ាងដូច្នេះ គឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់សង្គមសុីវិល និងអ្នកវិភាគមួយចំនួន ដែលបែរជាយល់ថាចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដើម្បីពង្រឹងសន្តិសុខក្នុងពន្ធនាគារនេះ ថាជាការបំពានសិទ្ធិអ្នកជាប់ឃុំទៅវិញ។

ភ្ជាប់នឹងការរម្លឹកជាថ្មីទៀត អំពីបទពិសោធដែលធ្លាប់មានអ្នកជាប់ឃុំលួចប្រើទូរសព្ទ ដើម្បីបញ្ជាទៅគូកននៅខាងក្រៅឱ្យប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់គោលការណ៍ណែនាំជារួមទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារ អភិបាលរាជធានី ខេត្ត រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែរាជធានី ខេត្តទាំងអស់ យកចិត្តទុកដាក់ជំរុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតលើការងារពង្រឹងសន្តិសុខក្នុងពន្ធនាគារ ជាពិសេសត្រូវត្រួតពិនិត្យឱ្យបានម៉ត់ចត់រាល់ការនាំចូលម្ហូបអាហារ និងសម្ភារៈផ្សេងៗ និងការពង្រឹងភាពស្អាតស្អំរបស់មន្រ្តីនៅខាងក្នុង។

ពីវេទិកាអធិបតីនៃពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តឧត្តរមានជ័យ នោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍ណែនាំឱ្យរដ្ឋបាលខេត្ត យកចិត្តទុកដាក់បង្ក្រាបករណីជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង អំពើជួញដូរមនុស្ស សុវត្ថិភាពចរាចរណ៍ ជាពិសេសពិនិត្យលទ្ធភាពឈានទៅកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ ពង្រឹងសុវត្ថិភាពចំណីអាហារ រួមទាំងអាហារសម្រាប់កុមារតាមសាលារៀន ខិតខំទាក់ទាញការវិនិយោគ ពង្រីកសក្ដានុពលទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាប់ព្រំដែននៃប្រទេសថៃ៕

CATEGORIES
Share This