សម្ពោអគារសិក្សាថ្មី ១ខ្នង នៅសាលាបឋមសិក្សាពង្រ ស្រុកអូរជ្រៅ

បន្ទាយមានជ័យ ៖ អគារសិក្សា ១ខ្នង ៤បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាពង្រ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាអំណោយរបស់អង្គការ ហ្គូដណេប៊ឺសកម្ពុជា ត្រូវបានសម្ពោដាក់អោយប្រើប្រាស់ជាផ្លូវកាក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ក្នុងស្រុកអូរជ្រៅ មានវិទ្យាល័យចំនួន ២កន្លែង អនុវិទ្យាល័យ ៦កន្លែង, បឋមសិក្សា ៣១កន្លែង, មានអាគារសរុបចំនួន ១០៩ខ្នង ស្មើនឹង៤៥៤បន្ទប់, លោកគ្រូអ្នកគ្រូសរុបចំនួន ៣៩៧នាក់ ស្រី ១៩៤នាក់ក្នុងនោះកិច្ចសន្យាចំនួន ៩០នាក់ ស្រី ៦២នាក់, មានសិស្សានុសិស្សសរុប ចំនួន១១,១៩៩នាក់ស្រី៥,៥៨២នាក់ ។

លោកអភិបាលស្រុកបានបន្តថា អគារសិក្សា ១ខ្នង ៤បន្ទប់ មានបណ្តោយ ៣២ម៉ែត្រ ទទឹង៩ម៉ែត្រ ព្រមទាំងបំពាក់បរិក្ខារដូចជា ៖ តុគ្រូ, តុសិស្ស និងក្តាខៀន ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានបញ្ចប់ការសាងសង់កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយចំណាយថវិកា សរុបចំនួន ១១៤,៣៨៥.២៥ដុល្លាសហរដ្ឋអាមេរិក  ក្រោមជំនួយឧបត្ថម្ភពីប្រទេសកូរ៉េខាងត្បូង ក្នុងនោះមានទុនចូលរួមរបស់សហគមន៍ចំនួន៤,៣៨៥.២៥ដុល្លាផងដែរ ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានកោតសរសើរ និងថ្លែងនូវអំណរគុណ ដល់អង្គការហ្គូដណេប៊ឺសកម្ពុជា ដែលបានឧបត្ថម្ភអគារសិក្សា ដែលជាជំនួយឧបត្ថម្ភដ៏ថ្លៃថ្លា ។ វាបានបង្ហាញអំពីទឹកចិត្តសប្បុរស ដ៏ល្អក្នុងការបរិច្ចាកធនធានមួយ ក្នុងការផ្តល់ជាប្រយោជន៍ដល់សិស្សានុសិស្ស នៅក្នុងសហគមន៍ ស្របតាមទិសដៅកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា គឺ ទី១.សមធម៌នៃការចូលរៀន, ២.គុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ និងទី៣.ការកសាងសមត្ថភាព និងការអភិវឌ្ឍស្ថាប័ន ដែលកំពុងផ្តោតទៅលើវិធានការនានា ដើម្បីជម្រុញឱ្យមាតា បិតា សិស្ស ក្នុងសហគមន៍ ចូលរួមកាន់តែច្រើនក្នុងការគ្រប់គ្រង និងអភិវឌ្ឍសាលារៀន ក្នុងការលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សនៅគ្រប់កម្រិត។ 

ឯកឧត្តម អ៊ុំ រាត្រី ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ត្រូវចូលរួមថែទាំសាលាអោយបានជាប់គង់វង្សយូរអង្វែង និងធ្វើការជម្រុញអោយកូន ក្មួយ អោយមករៀនអោយគ្រប់ៗគ្នាផងដែរ ៕

CATEGORIES
Share This