ផ្តើមពីគោស៊ីដំណាំ កើតជាជម្លោះបិទផ្លូវចូលចំការ ធ្វើអោយម្ចាស់ចំការម្ខាងទៀតជាប់ព្រំនៅពីក្រោយចូលមិនបាន កើតជាការប្តឹងផ្តល់គ្នា
បន្ទាយមានជ័យ ៖ រឿងតូចក្លាយជាធំបណ្តាលឱ្យ អ្នកជិតខាងគ្នាមានទាំងផ្ទះ និងចំការជាប់ព្រំជាមួយគ្នាដែលមិនដែលមានជំនាស់គ្នាសោះរាប់សិបឆ្នាំមកហើយ បែរជាមើលមុខគ្នាលែងត្រូវ និងប្តឹងផ្តល់គ្នា ព្រោះរឿងគោស៊ីដំណាំ កើតជាការបិតផ្លូវចូលចំការដែលធ្លាប់ដើរ និងអាស្រ័យផលជាង៣០ឆ្នាំ ។
ដោយសារតែកើតទុក្ខមិនសុខចិត្តគេធ្វើរបងលួសបិតផ្លូវចូលចំការ លោកតា ឃុត ជាម អាយុ៧២ឆ្នាំ និងកូនចៅ ស្នើសុំឱ្យអាជ្ញាធរជួយរកយុត្តិធម៌ និងដោះស្រាយឱ្យគាត់បាន ផ្លូវចូលទៅចំការបង្កបង្កើត និងប្រមូលផលដូចសព្វដង ។ លោកតាបានឱ្យដឹងទៀតថា លោកមានចំការដំឡូង ០៥ហិកតា ដែលបានចែកឱ្យកូនៗម្នាក់បន្តិចៗ មានព្រំដីចំការជាប់នឹងឈ្មោះ កៅ វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះ កៅ សាម៉ុន ភេទស្រី អាយុ៤២ឆ្នាំ ដែលជាបងប្អូនិងគ្នា ក៏មានទីលំនៅជាប់គ្នាក្នុងភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលដីចំការរបស់គាត់បានមកកាប់រានព្រៃ ដែលជាគម្រព្រៃឈើឆ្នាំ២០០២ តាំងពីឆ្នាំ១៩៩៤ មុនភាគីដែលជាប់ព្រំជាមួយគ្នា ក៏ធ្វើការបង្កបង្កើនផលដំឡូង និងស្រូវស្រករគ្នា ហើយតែងតែដើរតាមផ្លូវដែលត្រូវបានគេធ្វើរបងបិត មិនដែលអាក់ខានឡើយ ទើបតែនៅចុងខែមិថុនា ឆ្នាំ២០២៤នេះ ឈ្មោះ កៅ វាសនា និងឈ្មោះ កៅ សាម៉ុន បានធ្វើរបងបន្លាលួសបិតផ្លូវដែលនៅជាប់ព្រំដីរបស់គាត់ធ្វើឱគាត់មិនអាចចូលទៅចំការបាន ក៏ដកបង្គោលរបងនោះចេញដើម្បីចេញចូលចំការបានទាំងបានទៅរាយការណ៍ និងផ្តល់ដំណឹងជូនមេភូមិ និងម្ចាស់របងរួចហើយដែរ ។ ក្រោយពីរើរបងចេញ ស្រាប់តែថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ក៏មានការធ្វើរបងបិតខាងមុខវិញម្តង ។
ទាក់ទងនឹងរឿងរាវនេះដែរភាគីឈ្មោះ ឈ្មោះ កៅ វាសនា និងឈ្មោះ កៅ សាម៉ុន ក៏បានឱ្យដឹងដែរថា ដីផ្លូវខាងលើដែលគាត់បិតរបងមិនឱចេញចូល គឺជា ដីកម្មសិទ្ធរបស់គាត់ដែលបានកាប់រាន និងកាន់កាប់តាំងពីយូរណាស់មកហើយ ហើយក៏តែងអនុញ្ញាតឱ្យតា ឃុត ជាម និងកូនចៅ ចេញចូលក៏ពុំដែលមានទំនាស់អ្វីជាមួយគ្នាដែរ តែក្រោយមកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីតា ជាម តែងដឹកគោទាំងក្រោល កាត់ចំការ ហើយស៊ីដំណាំរបស់គាត់ ទោះបីជាគាត់ប្រាប់ជាច្រើនលើកច្រើនសារក៏ដោយ ក៏នៅតែគាត់បណ្តោយឱ្យគោស៊ីដំណាំដដែល ហើយតា ជាម តែងនិយាយថា “គោគាត់ច្រើនទៅចងឯណាអស់” ។ ដោយសារតែ គោស៊ីដំណាំនេះហើយ ទើបពួកគាត់សម្រេចចិត្ត ធ្វើរបងបិតផ្លូវនេះតែម្តង និងបានប្តឹងទៅអាជ្ញាធរ សមត្ថកិច្ច ពីការដករបង របស់គាត់ ។ ដើមឡើយបើមានការនិយាយស្រួលបួល ពីភាគីតា ជាម កុំឱ្យគោស៊ីដំណាំ គាត់មិនបានទៅបិតនោះទេ តែឥឡូវជ្រុលជាមានរឿងទៅហើយ គាត់មិនព្រមបើកនោះទេ បើចង់បើកត្រូវតែទិញក្នុងលក្ខ័ណាមួយ ។ ព្រោះសម្រាប់ពួកគាត់ ដើមឡើយដើម្បីបានផ្លូវចូលចំការនេះខាងមុខត្រង់ក៏បានទិញនិងដោះដូរដីជាមួយអ្នកជាប់ព្រំដូចគ្នាដែរ ។
ជំវិញករណីនេះ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរភូមិយាងឧត្តម ក៏បានហៅភាគីទាំងអស់មកសម្របសម្រួលគ្នា ម្តងរួចមកហើយ តែភាគីទាំង២មិនត្រូវគ្នា ក៏បញ្ជូនមកអាជ្ញាធរឃុំណាំតៅ ដោះស្រាយបន្ត ហើយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរឃុំក៏បានឱ្យក្រុមប្រឹក្សាឃុំ ចុះដោះស្រាយដល់ទីតាំងកើតហេតុ តែភាគីទាំងសងខាងនៅតែមិនស្រុះស្រួលគ្នា ។ ដូច្នេះទើបឃុំសម្រេចឱ្យភាគីដើមចោទ បន្តបញ្ជូនបណ្តឹងទៅលោកអភិបាលស្រុកភ្នំស្រុក ដោះស្រាយបន្ត ៕
ដោយ ៖ សម្បត្តិ សីហា