ឯកឧត្តម ស សុខា យកបទពិសោធប្អូនជីដូនមួយ ដាស់តឿន អ្នកចេញពីមណ្ឌលបន្សាបគ្រឿងញៀន កុំវិលទៅជាន់ដានចាស់

បាត់ដំបង ៖ ខិតខំតស៊ូបន្សាប ព្យាបាល និងស្ដារនីតិសម្បទា បានជាដាច់ស្រឡះ ពីគ្រឿងញៀនដោយមានទាំងជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជា ជោគជ័យដ៏ធំបំផុតមួយហើយសម្រាប់ជនរងគ្រោះ ដែលធ្លាក់ក្នុងអន្លង់កម្មនៃគ្រឿងញៀន ហើយជោគជ័យនេះ ក៏ជាមហាអំណរសាទររកអ្វីប្រៀបផ្ទឹមពុំបានដែរ សម្រាប់លោកឪពុក អ្នកម្ដាយ ប្ដីឬប្រពន្ធ កូន និងបណ្ដាញាតិទាំងឡាយ ។

សម្រាប់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទាំងជោគជ័យ និងអំណរសាទរនេះ សុទ្ធតែត្រូវការជាចាំបាច់នូវសេចក្ដីប្រុងប្រយ័ត្នរបស់សាមីជន ដាច់ខាតមិនត្រូវវិលត្រឡប់ទៅរកផ្លូវចាស់ រួមទាំងមិត្តដែលពាក់ព័ន្ធនឹងគ្រឿងញៀន ។

ការថ្លែងខាងលើធហវើឡើងក្នុងពិធីសំណេះសំណាល និងបិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្នែកទ្រឹស្ដី និងអនុវត្តដល់អ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយរូបផង បានថ្លែងលាតត្រដាងបទពិសោធប្អូនជីដូនមួយម្នាក់ ដែលពីដំបូងឡើយបានបន្សាប ព្យាបាល និងស្ដារនីតិម្បទាដោយជោគជ័យ ប៉ុន្តែទីបំផុតបានផុងខ្លួនប្រើប្រាស់គ្រឿងញៀនម្ដងទៀត ដោយសារវិលទៅសេពគប់មិត្តចាស់ ទម្រាំអាចផ្ដាច់បានជាលើកទី២ ក្នុងស្ថានភាពសុខភាពមិនមាំទាំ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទាញចំណាប់អារម្មណ៍ទៀតថា ក្នុងដំណើរចូលមកកាន់វេទិកាប្រារព្ធពិធីនាឱកាសនោះ ឯកឧត្តមបានសង្កេតឃើញថា ញាតិមិត្តដែលភាគច្រើនកំពុងរង់ចាំទទួល និងផ្ដល់ការលើកទឹកចិត្តដល់កូន ប្ដី ប្រពន្ធ និងបងប្អូន ដែលកំពុងរស់នៅ និងត្រៀមចេញពីមជ្ឈមណ្ឌលត្រឡប់ទៅផ្ទះវិញ សុទ្ធតែបង្ហាញទឹកមុខប្រកបដោយក្ដីរីករាយ និងក្ដីសង្ឃឹម ដោយបានដឹងនិងឃើញថា ជនរងគ្រោះជាសាច់ជាឈាមរបស់ខ្លួន កំពុងស្ថិតក្នុងដំណើរផ្លូវឆ្ពោះទៅកាន់អនាគតប្រកបដោយពន្លឺភ្លឺស្វាង ក្លាយជាពលរដ្ឋល្អក្នុងសង្គម តាមរយៈការទទួលបាននូវការបន្សាបព្យាបាល និងស្ដារនីតិសម្បទាប្រកបដោយការយកចិត្តទុកដាក់ បន្ទាប់ពីធ្លាក់ក្នុងអន្លង់ខ្មៅងងឹតនៃគ្រឿងញៀន។

គួរកត់សម្គាល់ថា មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន បានសម្ពោធដំណើរការក្រោមអធិតីភាពសម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ មជ្ឈមណ្ឌល បានទទួលជនរងគ្រោះដោយគ្រឿងញៀនសរុប ១ ១១៥នាក់ ក្នុងនោះមានស្រ្តី៦១នាក់។ មជ្ឈមណ្ឌល បានផ្ដល់សេវាជា ៣ផ្នែក រួមមាន៖ ផ្នែកបន្សាបព្យាបាល ផ្នែកអប់រំរៀនបំណិនជីវិត និងផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដូចជា៖ ថែទាំជួសជុលរថយន្ត ដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ សេវាកុំព្យូទ័រនិងជួសជុល កែច្នៃចំណីអាហារនិងបន្លែ បសុព្យាបាល បច្ចេកទេសចិញ្ចឹមត្រីប្រា សេវាកម្មជួសជុលម៉ាស៊ីនត្រជាក់ ជំនាញវិស្វកម្មសំណង់ស៊ីវិល ជាងកាត់សក់ និងសាឡន។

យោងតាមរបាយការណ៍ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន ដែលជាប្រធានមជ្ឈមណ្ឌល មុននឹងអនុញ្ញាតឱ្យធ្វើសមាហរណកម្មត្រឡប់ទៅផ្ទះវិញ ជនរងគ្រោះទាំងអស់ ត្រូវឆ្លងកាត់ការធ្វើតេស្ត ៣ដង តម្រូវឱ្យជាប់ទាំង ៣ដង ហើយបន្ទាប់ពីវាយតម្លៃឃើញថា អាចចេញទៅក្រៅប្រកបរបរបាន ពួកគេនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការបញ្ចប់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយក្នុងរយៈកន្លងមក មជ្ឈមណ្ឌល បានផ្ដល់ជូន ចំនួន ៣លើក ស្មើនឹង ៣៣៤នាក់រួចមកហើយ។ សម្រាប់ការផ្ដល់ជូនលើកទី៤ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាឱកាសនេះ មានចំនួន ១៦៦នាក់។ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានអំពាវនាវថ្នាក់ដឹកនាំ និងសប្បុរសជនទាំងឡាយ បន្តផ្ដល់ការគាំទ្រដើម្បីនិរន្តរភាពមជ្ឈមណ្ឌល។

ពីវេទិកាអធិបតីនោះដែរ ប្រមុខក្រសួងមហាផ្ទៃ ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍កោតសរសើរខ្ពស់ចំពោះឧត្តមគតិរួមចំណែករបស់ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន ដើម្បីបុព្វហេតុសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនជាមួយរាជរដ្ឋាភិបាល។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់អំណោយថវិកា ចំនួន ១០០លានរៀល អង្ករ ២តោន និងសម្ភារៈប្រើប្រាស់ចំនួន ២០០កញ្ចប់ ព្រមទាំងបានសន្យាផ្ដល់ការគាំទ្របន្ថែមទៀត និងចូលរួមសម្របសម្រួលដោះស្រាយសំណើ និងសំណូមពរមួយចំនួន ដើម្បីនិរន្តរភាព និងវឌ្ឍនភាពរបស់មជ្ឈមណ្ឌល៕

CATEGORIES
Share This