អ្នកគ្រប់គ្រងល្អាងប្រជៀវភ្នំសំពៅ និងសហគមន៍ព្រៃឈើភ្នំរំសាយសក់ សំណូមពរដល់អាជ្ញាធរ ជួយទប់ស្កាត់ ខណៈសត្វប្រជៀវមានការចំនួនថយចុះ
បាត់ដំបង ៖ ដោយមើលឃើញពីការថយចុះ នៃចំនួនសត្វប្រជៀវជាបន្តបន្ទាប់ នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ អ្នកគ្រប់គ្រងល្អាងប្រជៀវភ្នំសំពៅ និងសហគមន៍ព្រៃឈើភ្នំរំសាយសក់ បាន សំណូមពរទៅដល់អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ជួយទប់ស្កាត់កុំអោយមានការបាត់បង់បន្ថែម។
លោក រឿន សាវន អ្នកគ្រប់គ្រងល្អាងប្រជៀវភ្នំសំពៅ បានអោយដឹងថា មួយរយៈកាលកន្លងមកនេះគឺមានការបាត់បង់នូវសត្វប្រជៀវច្រើន ក្រុមការងាររបស់លោកក៏បានចុះស្រាវជ្រាវនិងបានឃើញថា មានប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗបានរាយមងដើម្បីចាប់ប្រជៀវពេលយប់ និងបានដាក់លក់នៅតាមទីផ្សារនានាជាច្រើននៅក្នុងក្រុងបាត់ដំបង ដូច្នេះសូមសំណូមពរដល់អង្គភាពពាក់ព័ន្ធដូចជាមន្ទីរទេសចរណ៍ មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ជួយទប់ស្កាត់ដើម្បីជាប្រយោជន៍ ដល់ផ្នែកទេសចរណ៍ និងផ្នែកកសិកម្ម ផងដែរ។
ចំណែកលោក លន់ ប៊ុនលឿន ប្រធានសហគមន៍ព្រៃឈើភ្នំរំសាយសក់ ដែលមានល្អាងប្រជៀវភ្នំរាជទ្រព្យ បានអោយដឹងដែរថា ស្រុកបាណន់មានល្អាងប្រជៀវចំនួន០៣ ក្នុងនោះមានល្អាងភ្នំសំពៅ ល្អាងរំសាយសក់ និងល្អាងតាគ្រាម ដែលល្អាងទាំងបីមានការថយចុះ ដោយពិនិត្យឃើញថាមានសត្វប្រជៀវលក់នៅតាមផ្សារ ហើយលោកក៏សំណូមពរទៅដល់បងប្អូនដែលប្រកបអាជីវកម្មទៅលើសត្វប្រជៀវសូមសំរាកទៅព្រោះសត្វប្រជៀវមានប្រយោជន៍ទៅដល់ខេត្តយើង ទៅដល់ស្រុកភូមិ និងប្រជាពលរដ្ឋយើង ព្រោះសត្វប្រជៀវវាមានផលប្រយោជន៍បីយ៉ាង ដូចជា ៖ ទី១-វាអាចសម្លាប់សត្វល្អិត, ទី២-លាមកវាក្នុងចំណោមជីធម្មជាតិវាលើគេទាំងអស់, ទី៣-អាច ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិអោយមកទស្សនា ។
ដោយឡែកលោក ស្រេង សុខា អភិបាលស្រុកបាណន់ បានអោយដឹងដែរថា នៅស្រុកបាណន់ យើងនៅមិនទាន់រកឃើញថាមានការដាក់អន្ទាក់ ដាក់ស្បៃ ដាក់មងទេ តែករណីនេះកើតឡើងនៅតំបន់ស្រុកឯកភ្នំភាគច្រើន ហើយនិងមួយចំនួននៅស្រុកសង្កែ ដែលគេដាក់នៅតំបន់ស្រែរនាមក្រោម ដែលសត្វប្រជៀវចេញទៅរកចំណីនៅប៉ែកខាងនឹងក៏ត្រូវជាប់អន្ទាក់ ជាប់មង ដោយមួយថ្ងៃៗរាប់ផ្លូនដែលគេបានយកមកលក់នៅផ្សារក្នុងក្រុងបាត់ដំបង ហើយករណីនេះឯកឧត្តមអភិបាលខេត្តលោកបានធ្វើការនែនាំដល់ក្រុងស្រុកដែលពាក់ព័ន្ធអស់ហើយនៅរសៀលថ្ងៃនេះ ៕
ដោយ ៖ សាលី