សមត្ថកិច្ចទាំងអស់ ត្រូចៀសពីកុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀន
បន្ទាយមានជ័យ ៖ ក្នុងសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៤ បានតឿនរំលឹកដល់បណ្តាអាជ្ញាធរសមត្ថកិច្ចទាំងអស់ត្រូវតែចៀសឱ្យបានដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ។
ពិធីប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទ “សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព” ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណអភិបាលរងខេត្ត និងលោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី និងសិស្សនិសិត្ស ប្រមាណជាង១.០០០នាក់ទៀតផងដែរ ។
ក្នុងសារលិខិតដដែល បានបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដេីម្បីសុខមាលភាពប្រជាពលរដ្ឋ ជាមួយនឹងពាក្យស្លោក “ ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង ”។ កម្ពុជានៅតែប្រឈមទៅនឹងបញ្ហាគ្រឿងញៀនដែលជាបញ្ហាសង្គមដ៏ស្មុគស្មាញសម្រាប់សង្គមមនុស្សជាតិទាំងមូល ជាមួយនេះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ ត្រូវបន្តយកចិត្តទុកដាក់លុបបំបាត់ឲ្យបានទាំងស្រុងនូវរាល់ បទល្មើសជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកំសាន្ត ទីសប្បាយដ្ឋាននានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនមុនដំណាច់ឆ្នាំ២០២៤ ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានមានប្រសាសន៍ថា សព្វថ្ងៃនេះ វិបត្តិគ្រឿងញៀនមានបញ្ហាយ៉ាងខ្លាំង ដល់ប្រមុខដឹកនាំ ជនណាដែលបានប្រព្រឹត្ត ជក់គ្រឿងញៀនហើយ ជននោះត្រូវជួបនិងការបាត់បង់ថវិការ ខូចសុខភាព ព្រាត់ប្រាស់មិត្តភ័ក្តម្តាយឪពុក ខូចសុខភាពនិងរាងកាយ ខូចសរសៃប្រាសាទ បាត់ការបងចាំ គេចសាលា ប្រើអំពើហឹង្សាក្នុងគ្រួសារ និងមិតភ័ក្ត នៅទីបញ្ចប់គឺឆ្លងជម្ងឺគ្រប់មុខស្លាប់ដោយមិនអាចគេចបានឡើយ ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ឯក បានធ្វើការកោតសរសើរ និងអរគុណដល់គ្រប់អង្គភាពសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យគគ្រឿងញៀនខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក៏ដូចជាវិស័យឯកជន សាសនា និងសប្បុរសជននានា ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមតួនាទី និងភារកិច្ចពាក់ព័ន្ធរៀងៗខ្លួន ប្រកបដោយសម្បជញ្ញៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់កាលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ៕