សូមប្រុងប្រយ័ត្ន ! បក្ខពួកចោរលួចយ៉ាងសកម្ម មិនទាន់ចាប់បាននៅឡើយទេ ខណៈគ្រាន់តែដើមឆ្នាំ២០២៤ លួចបានសម្រេច៤ករណីធំៗ ពីអាជីវករផ្ទេរប្រាក់
ភ្នំពេញ៖ ប្រជាពលរដ្ឋជាអាជីវករ បានលើកឡើងថា ប្រទេសមានសុខសន្ដិភាព និងការអភិវឌ្ឍរីក ចម្រើនជាបន្ដបន្ទាប់ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ប៉ុន្ដែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាភូមិ-ឃុំមានសុវត្ថិភាព ខណៈក្រុមបក្ខពួកចោរ ដើររាតត្បាតធ្វើសកម្មភាពបន្លំ ចូលលួចលុយកន្លែងផ្ទះអាជីវករទូទាំងប្រទេស បានសម្រេចជាច្រើនករណីធំៗ ប៉ុន្ដែសមត្ថកិច្ច មិនទាន់ចាប់ក្រុមចោរទាំងនេះ មកផ្តន្ទាទោសបាននៅឡើយ ។
ជាក់ស្ដែងគ្រាន់តែដើមឆ្នាំ២០២៤ ក្រុមបក្ខពួកចោរទាំងនេះ ធ្វើសកម្មភាពបានសម្រេច៤ករណីធំៗ ដោយករណីទី១. ចូលលួចលុយផ្ទះវេរលុយវីងមួយកន្លែង ស្ថិតនៅភូមិ ព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងកញ្ជរប្ដូរប្រាក់ អស់ប្រមាណ ១២០០០$ នៅវេលាម៉ោង ១០ និ១៦នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៤ រួចគេចខ្លួនដោយសុវត្ថិភាព ។
ករណីបន្លំលួចនេះ ជនរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិ៍នគរបាលកៀនស្វាយ និងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាលផងដែរ ហើយកម្លាំងកងរាជអាវុធហត្ថខេត្ត បន្ដស្រាវជ្រាវតាមចាប់ក្រុមចោរទាំងនោះ បានបក្សពួកម្នាក់ ដកហូតវត្ថុតាំង មានរថយន្ដលុចស៊ីស១គ្រឿង ម៉ូតូស្កត់ពីរ១គ្រឿង រួមទាំងសម្ភារៈមួយចំនួនទៀត ដែលជនសង្ស័យលួចបានពីជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យដែលចាប់បានម្នាក់នេះ ត្រូវបានកម្លាំងអាវុធខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីនៃច្បាប់ផងដែរ ។
ករណីទី២. ក្រុមបក្ខពួកចោរទាំងនេះ បន្លំចូលលួចលុយនៅកន្លែងវេលុយទ្រូម៉ានីមួយកន្លែង នៅក្រុងបាត់ដំបង អស់ជាង៦ពាន់ដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២២ ខែមិនា ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង បន្សល់ទុកតែសកម្មភាព នៅក្នុងកាម៉េរាសុវត្ថិភាព។
មិនទាន់ចេញទៅណាឆ្ងាយពីខេត្តបាត់ដំបង ករណីទី៣. ក្រុមបក្ខពួកចោរទាំងនេះ នៅបន្ដធ្វើសកម្មភាពដដែលៗ នៅទីតាំងវីងវេរលុយមួយកន្លែងទៀត ក្រុមចោរទាំងនេះ មានគ្នាប្រុស-ស្រី ដោយប្រើល្បិចដដែល បន្លំចូលលួចយកលុយអស់ប្រហែល ៨,០០០ ដុល្លារអាមេរិក រួចនាំគ្នាឡើងជិះម៉ូតូបណ្ដាក់គ្នាគេចខ្លួន ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៨ និង ៤៥ នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្នឹងកើត ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង។
នៅខេត្តបាត់ដំបងដដែល ករណីទី៤. ក្រុមបក្ខពួកចោរទាំងនេះ បានធ្វើសកម្មភាពបន្លំចូលលួចលុយកន្លែងផ្ទះវីង ផ្ទះលក់អីវ៉ាន់ចាប់ហួយ និងបើក«វីងវេរលុយ» មួយកន្លែង លួចយកលុយខ្មែរអស់ចំនួន០៣លានរៀល និងលុយដុល្លារអស់ចំនួន១,៥០០ដុល្លារអាមេរិក រួចនាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ មិថុនា ឆ្នាំ ២០២៤ នៅភូមិថ្កូវ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ។
បើតាមប្រភពព័ត៌មានដែលបានស្រង់សម្ដីជនរងគ្រោះ មុនពេលកើតហេតុ មានស្ត្រីម្នាក់បានជិះម៉ូតូទៅឈប់ខាងមុខផ្ទះ រួចចុះទៅរកទិញ «ខ្ទឹម»។ ប្រភពបានឲ្យដឹងថា ស្ត្រីនោះបានធ្វើជារើសខ្ទឹម ដោយពន្យារពេលយ៉ាងយូរ បន្តិចក្រោយក៏មានបុរសម្នាក់ពាក់មួយកន្តឹបដើរចូលទៅ រួចបន្លំចូលបន្ទប់«វីងវេរលុយ» ប្រមូលលុយច្រកថង់រួចដើរចេញមកក្រៅយ៉ាងលឿន និងគេចខ្លួនដោយសុវត្ថិភាព ។
ជាចុងក្រោយប្រជាពលរដ្ឋរងគ្រោះ បានសំណូមពរដល់សមត្ថកិច្ចទូទាំងប្រទេស ជាពិសេស សូមឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ដ្រីតាមស្រាវជ្រាវ ចាប់បក្សពួកជនសង្ស័យដែលនៅសេសសល់ទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីភាពសុខសាន្ដប្រជាពលរដ្ឋ ៕