ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៤នាក់ ពាក់ព័ន្ធក្នុងករណីបទល្មើសគ្រឿងញៀន

បាត់ដំបង ៖ ជនសង្ស័យប្រុសស្រីចំនួន០៤នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង និងស្រុកគាស់ក្រឡ ធ្វើការបង្រ្កាបឃាត់ខ្លួនពាក់ព័ន្ធក្នុងករណីរក្សាទុក ជួញដូរ ឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀននៅទីតាំងស្រុកពីរផ្សេងគ្នា ក្នុងថ្ងៃតែមួយ។

កិច្ចប្រតិបត្តិការខាងលើនេះ ករណីទី០១ ធ្វើឡើងនៅវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលម្នាក់ឈ្មោះ ឆាយ សុខឃីម ហៅចែដា ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះ ផង់ ច្រឹប ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ វត្ថុតាងដកហូតរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាសិ្ទកចំនួន ៦០ កូនថង់  សង្ស័យមានសារធាតុញៀន, ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ក្រហមមានត្រាអក្សរបរទេស (WY) លើគ្រាប់ថ្នាំ  ចំនួន ១៧០គ្រាប់ សង្ស័យមានសារធាតុញៀន, អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ១៦, ដែកកេះចំនួន០១, ស្លាបព្រាសម្រាប់រំលែកថ្នាំញៀនចំនួន០១, កូនថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។

ករណីទី០២ ធ្វើឡើងនៅវេលាម៉ោង១៣ និង១០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ដែលម្នាក់.ឈ្មោះ កែម ចំណាប់ ហៅ ប្រុស ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះ ហុិន ជេក ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិបឹងស្នោ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១២ថង់ សង្ស័យមានសារធាតុញៀន, ទូរស័ព្ទដៃ០២គ្រឿង (ចាស់) និងកូនថង់សម្រាប់រំលែកថ្នាំញៀនលក់ និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ ៖ សាលី

CATEGORIES
Share This