អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត១គីឡូក្រាម

បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនទៅតុលាការ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត១គីឡូក្រាម ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ឌុច គឹមហួត ហៅ ហួត ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ និងឈ្មោះ ជួន ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។ ទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង ធ្វើការបង្ក្រាបឃាត់ខ្លួនបានកាលពីវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកថា ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន ដូចជា ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន២៣៤ថង់កិប (ធំ០៣ថង់) ទម្ងន់ ៩៨១,៣០ក្រាម, ទូរស័ព្ទចំនួន០២គ្រឿង, ប្រាក់ថៃចំនួន ៥,៦០០បាត, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៤គ្រឿង រួមនឹងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕

CATEGORIES
Share This