មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំដល់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ឱ្យបន្តគាំទ្រជំរុញប្រជាកសិករ លើការងារដាំដុះនិងចិញ្ចឹមសត្វ

កំពង់ស្ពឺ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ លោកស្រី ហោ ម៉ាលីន បានណែនាំដល់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺឱ្យបន្តគាំទ្រនិងជំរុញប្រជាកសិករលើការងារដាំដុះ ការងារផលិតកម្មនិងបសុព្យាបាល ការងារព្រៃឈើ ការងារជលផល ការងារសហគមន៍ និងការចិញ្ចឹមសត្វ ដើម្បីសម្រួលជីវភាពរស់នៅ ។

ការណ៍នេះធ្វើឡើងក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទលើការងារឆមាសទី១ លើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។

លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងដោយគូសបញ្ជាក់ថារាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រោមការអនុវត្តផ្ទាល់ពីសំណាក់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានយកចិត្តទុកដាក់ខ្ពស់លើការងារដឹកនាំគ្រប់គ្រង សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យកាន់តែមានភាពប្រសើរឡើងដើម្បីរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើនប្រាក់ចំណូលដល់គ្រួសារប្រជាកសិករ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ជាមួយនិងការលើកឡើងនេះដែរលោកស្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់មន្ទីរដែលសម្រេចបាននាពេលកន្លងមកនិងបច្ចុប្បន្ន ទោះបីមានបញ្ហាប្រឈមខ្លះកើតមានឡើងក៏ដោយ និងបានណែនាំឱ្យមន្ទីរ បន្តខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្តីណែនាំ សារាចរណែនាំដែលក្រសួងបានដាក់ចេញ។ជាពិសេសការឆ្លើយតបនឹងបញ្ហាប្រឈមនានារបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នឹងបន្តអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកៀងគរការចូលរួមពីគ្រប់ភាគី ក្នុងការពន្លឿនសន្ទុះនៃការអភិវឌ្ឍ រក្សាបានកំណើនសេដ្ឋកិច្ចជាតិនិងចំណូលគ្រួសារកសិករ។

ទន្ទឹមនិងនោះដែរលោក យឹម ណន អនុប្រធានក្តាប់រួមនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺក៏បានលើកឡើងផងដែរថា សម្រាប់ខេត្តកំពង់ស្ពឺឆ្នាំនេះការងារបង្កបង្កើនផលស្រូវវស្សា ប្រជាកសិករបានធ្វើលើសពីផែនការរហូតដល់ទៅជិត១៣ម៉ឺនហិកតាលើផែនការសរុបត្រឹមតែ១២ម៉ឺនហិកតាប៉ុណ្ណោះ ហើយក្នុងនោះគឺស្រុកបសេដ្ឋកើនលើសចំនួន៩០ហិកតានិងស្រុកឱរ៉ាល់កើនលើសចំនួន២៤០០ហិកតា។ហើយជាមួយនេះការដាំដំណាំរួមផ្សំរបស់ប្រជាកសិករបានអនុវត្តថយចុះពីផែនការ តែការអនុវត្តការចិញ្ចឹមសត្វនៅតាមគ្រួសាររបស់ប្រជាកសិករហាក់មានការកើនឡើងគ្រាដែលតម្រូវការទីផ្សារនៃសត្វសម្រាប់ជាចំណីអាហារមានតម្រូវការខ្ពស់៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This