មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ប្រាប់ពលរដ្ឋឱ្យរាយការណ៍មកមន្ត្រីជំនាញ គ្រាដែលសត្វគោក្របីរបស់ខ្លួន កើតមានជំងឺបូសខ្យល់ និងដុំពក

កំពង់ស្ពឺ ៖ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លោក យឹម ណន បានប្រាប់ទៅដល់ពលរដ្ឋដែលរស់នៅតាមបណ្តាក្រុង ស្រុកទាំង៩នៃខេត្តកំពង់ស្ពឺឱ្យចូលរួមសហការនិងរាយការណ៍បន្ទាន់មកកាន់មន្ត្រីជំនាញពេទ្យសត្វភូមិឬមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត គ្រាដែលសត្វគោក្របីរបស់ខ្លួនកើតមានជំងឺបូសខ្យល់ឬដុំពក ដើម្បីឱ្យមន្ត្រីជំនាញជួយអន្តរាគមន៍បានទាន់ពេលវេលា។

លើកឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោក យឹម ណន បានឱ្យដឹងថា សត្វគោក្របីរបស់ប្រជាពលរដ្ឋ អាចនិងកើតមាននូវជំងឺបូសខ្យល់ ឬដុំពកនៅដើមរដូវធ្លាក់ភ្លៀងនេះ ព្រោះជារដូវដែលមានស្មៅដុះ ដង្កូវហ្វូង ឬដង្កូវផ្សេងទៀត បានចេញស៊ីស្មៅ ឬស្លឹករុក្ខជាតិទាំងនោះ ហើយពេលគោក្របីស៊ីស្មៅ ឬស្លឹករុក្ខជាតិដោយដង្កូវទាំងនោះ ក៏បណ្តាលឱ្យកើតមានជំងឺខាងលើនេះ។ មួយវិញនៅរដូវធ្លាក់ភ្លៀងថ្មីនេះដែរក៏អាចឱ្យគោក្របីកើតមានជំងឺបូសខ្យល់ ឬដុំពក ខណៈវាបានផឹកទឹកដែលមានបាក់តេរីនៅតាមថ្លុក ឬស្រែ។

លោកប្រធានមន្ទីរបាននិយាយដោយបញ្ជាក់ថា ថ្មីៗនេះជំងឺបូសខ្យល់ និងជំងឺដុំពក បានកើតមានឡើងលើគោក្របីរបស់ប្រជាកសិកររស់នៅក្នុងក្រុងឧដុង្គម៉ែជ័យ ប៉ុន្តែក្រោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ មន្ទីរបានបញ្ជូនមន្ត្រីជំនាញបសុពេទ្យ ចុះអន្តរាគមន៍ចាក់ថ្នាំទាន់ពេលវេលា គោក្របីទាំងនោះក៏បានជាសះស្បើយហើយដែរ។

ជាមួយនេះលោក យឹម ណន ប្រធានមន្ទីរកសិកម្ម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ស្ពឺដែលមានគោ ក្របីឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចូលរួមសហការជាមួយមន្ទីរកសិកម្ម ហើយត្រូវរាយការណ៍ឱ្យទាន់ពេលវេលានូវព័ត៌មាន នៃការផ្ទុះជំងឺខាងលើដល់ភ្នាក់ងារពេទ្យសត្វភូមិ ដើម្បីឱ្យមន្ត្រីជំនាញមានលទ្ធភាពក្នុងការចុះព្យាបាលដល់សត្វដែលឈឺទាំងនោះទាន់ពេល ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This