អាជ្ញាធរខេត្តព្រះវិហារ ចុះសម្របសម្រួលជាមួយពលរដ្ឋ ដែលមកតាំងលំនៅឋានដោយខុសច្បាប់ លើដីព្រៃគ្រប់គ្រងដោយបរិស្ថាន
ព្រះវិហារ៖ អាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញ កាលពីថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២៤ កន្លងមក បានចុះជួបជាមួយប្រជាពលរដ្ឋចំណាកស្រុកចំនួន៧២គ្រួសារ ដែលមកតាំងលំនៅឋានដោយខុសច្បាប់លើ ដីព្រៃគ្រប់គ្រងដោយក្រសួងបរិស្ថាន ដោយពួកគាត់ជឿតាមការអូសទាញរបស់មេខ្យល់ថា ប្រជាពលរដ្ឋណាដែលបានមករស់នៅទីនេះ ចែកដីអោយក្នុង១គ្រួសារ ដីផ្ទះ៥០ម៉ែត្រគុណ១០០ម៉ែត្រ ដីចំការ៣ហិកតា តាមពិតដីនោះជាដីព្រៃគ្រប់គ្រងដោយក្រសួងបរិស្ថាន ការពារដោយព្រះរាជក្រឹត្យមិនអាចជនណាយកធ្វើជាកម្មសិទ្ធិបានឡើយ ។
បើយោងតាមការបញ្ជាក់របស់មន្ត្រីបរិស្ថាន បានឱ្យដឹងថា ដីនេះជាដីព្រៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដំបូងឡើយប្រជាពលរដ្ឋមកធ្វើចំការមានតែ២ឬ៣គ្រួសារទេ ក្រោយមកចេះតែមានប្រជាពលរដ្ឋមករស់នៅបន្តបន្ទាប់ បើទោះបីសមត្ថកិច្ចហាមប្រាមយ៉ាងណាក៏មិនស្តាប់ដែរ។ មន្ត្រីបរិស្ថានដដែល បានបន្តទៀតថា កាលពីថ្ងៃទី២ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចរួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះជួបជាមួយប្រជាពលរដ្ឋដើម្បីផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងពីច្បាប់នឹងបានណែនាំឱ្យប្រជាពលរដ្ឋរុះរើសំណង់អនាធិបតេយ្យចេញដោយស្ម័គ្រចិត្ត ប្រជាពរដ្ឋបានព្រមព្រៀងរុះរើចេញដោយខ្លួនឯង ដោយទុកពេលឱ្យរយៈពេលចំនួន១៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៤ ជាកំហិតត្រូវតែរុះរើចេញបើមិនរុះរើចេញទេ សមត្ថកិច្ចរួមទាំងអាជ្ញាធរមានវិធានការច្បាប់។
នៅថ្ងៃទី១៤ ខែមិថុនា កន្លងមក សមត្ថកិច្ចនិងអាជ្ញាធរ នៅតែព្យាយាមចុះមកអប់រំណែនាំបន្តបន្ទាប់ជាថ្ងៃចុងក្រោយ គឺបានប្រជុំម្តងទៀត ពលរដ្ឋខ្លះបានព្រមព្រៀមរុះរើចេញ។ដោយឡែកប្រជាពលរដ្ឋមួយចំនួនធំមិនព្រមរុះរើចេញទេ ដោយជឿលើពាក្យញុះញង់របស់មេខ្យល់ ។
អ្នកព័ត៌មានយើងបានជួបសម្ភាសជាមួយប្រជាពលរដ្ឋចំណាកស្រុក មកពីខេត្តបន្ទាយមានជ័យ បានលើកឡើងថា រូបគាត់មករស់នៅទីនេះ ក្នុងឆ្នាំ២០២២ ដោយជឿតាមគេតាមឯង មកដល់ទីនេះ ទើបដឹងថា ជាដីខុសច្បាប់ ប្អូនមិនជំទាស់ទេ បើអាជ្ញាធរត្រូវការដកដីនេះទុកជាសម្បត្តិរដ្ឋវិញ។ ប្រជាពលរដ្ឋ ក៏បានសំណូមពរទៅសមត្ថកិច្ច និងអាជ្ញាធរជួយសម្រួលចេញលិខិតស្នាមដឹកជញ្ជូនសម្ភារៈទៅស្រុកកំណើតវិញ កុំឱ្យមានការចាប់ចង។
ក្នុងការចុះជួបជាមួយពលរដ្ឋដែលមកតាំងទីលំនៅដោយខុសច្បាប់នោះដែរ អាជ្ញាធរខេត្តព្រះវិហារ បានបដិសេធការចុះផ្សាយរបស់អ្នកសារព័ត៌មានមួយចំនួន ដែលផ្សាយថា អាជ្ញាធរខេត្តព្រះវិហារ គ្រោងបណ្តេញប្រជាពលរដ្ឋចំនួន១៣០គ្រួសារចេញពីលំនៅឋានជារឿងមិនពិតនោះទេ ពីព្រោះសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ ព្យាយាមចុះណែនាំ និងសម្របសម្រួលជាច្រើនដង ឱ្យពួកគាត់យល់ដឹងពីច្បាប់ និងទុកឱកាសឱ្យពួកគាត់យល់ព្រមរុះរើចេញដោយខ្លួនឯងផងដែរ៕