ជនជាតិបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ ផ្ទះសំណាក់យូចាន់ទី
បាត់ដំបង ៖ ជនជាតិកូរ៉េម្នាក់ ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ មួយកន្លែងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៥និង១៥ នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះសំណាក់ យូចាន់ទី បន្ទប់លេខ០៩ ស្ថិតក្នុងក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា ជនជាតិបរទេសដែលដេកស្លាប់មានឈ្មោះ លី សុគវ៉ាង (LEE SUKWHANG) ភេទប្រុស អាយុ៧៥ឆ្នាំ ជាជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M781H1376 ហើយត្រូវបានជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យ និងមានការចូលរួមពីលោក ដួង សារ៉ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចុះទៅពិនិត្យនិងសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារជម្ងឺគាំងបេះដូង (ជម្ងឺបេះដូងរ៉ាំរ៉ៃ) ។
ក្រោយបញ្ចប់ការពិនិត្យកោសល្យវិច័យសាកសពជនរងគ្រោះត្រូវបានជំនាញអន្តោប្រវេសន៍ និងស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សម្រេចយកទៅតម្កល់នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំសាច់ញាតិមកទទួលយក ៕
ដោយ ៖ សាលី