ស្រីៗអាចញ៉ាំទឹកដូងបានអត់ ក្នុងអំឡុងពេលមករដូវ ?

គ្នាយើងច្បាស់ជាបានដឹងរួចមកហើយពីគុណប្រយោជន៍ល្អៗនៃការញ៉ាំទឹកដូង។ ប៉ុន្តែ តើយើងអាចញ៉ាំភេសជ្ជៈសុខភាពមួយប្រភេទនេះ អំឡុងពេលមករដូវបានអត់? ហើយវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
ហេតុផល៣យ៉ាង ស្រីៗគួរញ៉ាំទឹកដូង៖

១. កាត់បន្ថយការឈឺចាប់ពេលមករដូវ
ពិតណាស់ ទឹកដូងអាចជួយរដូវមកលឿន ដែលស័ក្តិសមសម្រាប់ស្រីៗយើងដែលមករដូវមិនទៀងទាត់។ ក្រៅពីនេះ ទឹកដូងក៏អាចជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ ព្រមទាំងកម្ចាត់បញ្ហាកំណកឈាម ដោយសារតែភេសជ្ជៈមួយនេះ សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗ។

២. ដោះស្រាយបញ្ហារាំងរដូវ
យោងតាមអ្នកជំនាញមួយចំនួនបានឱ្យដឹងថា ជាមួយនឹងសារធាតុចិញ្ចឹមជាច្រើននៅក្នុងភេសជ្ជៈមួយនេះ ដែលរួមមានវីតាមីន ម៉ាញេស្យូម ប៉ូតាស្យូម កាល់ស្យូម ម៉ង់កាណែស និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ធ្វើឱ្យទឹកដូងមានសមត្ថភាពក្នុងការបង្កើតគ្រាប់ឈាមបានយ៉ាងអស្ចារ្យ។ ពេលខ្លះ នៅពេលដែលមករដូវច្រើនជ្រុល គ្នាយើងអាចប្រឈមនឹងការរាំងរដូវ ហេតុនេះហើយ ទើបអ្នកជំនាញណែនាំឱ្យញ៉ាំទឹកដូង ដើម្បីកាត់បន្ថយរោគសញ្ញា។

៣. ជួយឱ្យមករដូវរលូន
ស្រីៗយើងតែងជួបប្រទះបញ្ហាផ្សេងៗគ្នា អំឡុងពេលនៃវដ្ដរដូវ។ ប៉ុន្តែ ទឹកដូងអាចធានាឱ្យយើងមករដូវដោយរលូន និងមិនឈឺចាប់។ ជាងនេះទៅទៀត ទឹកដូងក៏សម្បូរទៅដោយសារធាតុអេឡិចត្រូលីត ដែលអាចជួយរក្សាជាតិទឹក រក្សាថាមពលរាងកាយ ក៏ដូចជាជួយជំរុញលំហូរឈាមអំឡុងពេលមករដូវថែមទៀតផង។

អត្ថប្រយោជន៍ដទៃទៀតនៃទឹកដូង
ទឹកដូងក៏មានសមាសធាតុ ដែលជួយបន្សុទ្ធរាងកាយ ជួយឱ្យត្រជាក់ថ្លើម កាត់បន្ថយការរលាក ព្រមទាំងការពាររាងកាយពីការឆ្លងមេរោគផ្សេងៗ។ មិនតែប៉ុណ្ណោះ ទឹកដូងក៏អាចជួយការពារក្រួសតម្រងនោម ជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ និងផ្តល់អត្ថប្រយោជន៍ដ៏លើសលប់ដល់ស្បែក និងសក់។ ប្រសិនបើញ៉ាំទឹកដូងជាទៀងទាត់ នោះស្បែករបស់យើងមិនងាយរងភាពចាស់នោះឡើយ ពីព្រោះភេសជ្ជៈមួយនេះ អាចជួយការពារស្បែកពីស្នាមជ្រីវជ្រួញ និងស្នាមអុជខ្មៅនៃស្បែក។ ចំណែកអ្នកដែលចង់ស្រកទម្ងន់ ឬរក្សាទម្ងន់រាងកាយ ក៏មិនគួរមើលរំលងទឹកដូងឡើយ៕

CATEGORIES
Share This