រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវឱ្យចូលរួមបរិច្ចាគឈាម ដើម្បីឆ្លើយតបទៅហ្នឹងតម្រូវការរបស់អ្នកជំងឺបានគ្រប់ពេលវេលា
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ២០២៤ ក្រោមប្រធានបទ «ខួប ២០ឆ្នាំ នៃការបរិច្ចាគឈាម សូមអរគុណសប្បុរសជនបរិច្ចាគឈាម» ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ឯកឧត្តមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវឱ្យចូលរួមបរិច្ចាគឈាម ដើម្បីឆ្លើយតបទៅហ្នឹងតម្រូវការរបស់អ្នកជំងឺបានគ្រប់ពេលវេលា ។
ដើម្បីធានាភាពជាម្ចាស់ការក្នុងការផ្គត់ផ្គង់ឈាម និងផលិតផលឈាម ឆ្លើយតបទៅតាមសេចក្តីត្រូវការរបស់អ្នកជំងឺបានគ្រប់ពេលវេលា រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ យុវជន យុវនារី បន្តចូលរួមបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងនៅតាមមជ្ឈមណ្ឌលផ្តល់ឈាមខេត្តទាំង២៤ទៀត និងតាមក្រុមចល័តចុះទទួលអំណោយឈាម នៅតាមស្ថាប័ន អង្គភាព សកលវិទ្យាល័យ វិទ្យាល័យ ក្រុមហ៊ុនឯកជន ឱ្យបានច្រើនកុះករបន្ថែមទៀត និងសូមបន្ដគាំទ្រដល់សេវាកម្មជាតិផ្ដល់ឈាមរបស់យើង ដើម្បីឧត្ដមប្រយោជន៍មនុស្សធម៌ និងការជួយជីវិតមនុស្ស។ អ្នកផ្តល់ឈាម គឺជាវីរៈបុរស ហើយការផ្តល់ឈាមគឺជាការជួយសង្រ្គោះជីវិត ផ្តល់ជីវិត ផ្តល់ការស្រឡាញ់ និងការសាមគ្គី។
សូមបញ្ជាក់ផងដែរថា ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ជារៀងរាល់ឆ្នាំ បន្ទាប់ពីសន្និបាតអង្គការសុខភាពពិភពលោកលើកទី៥៨ ក្នុងឆ្នាំ២០០៥ ដែលក្នុងពេលនោះរដ្ឋមន្រ្ដីក្រសួងសុខាភិបាលនៃប្រទេសលើពិភពលោកបានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទលើដំណោះស្រាយ WHA58.13 បង្កើតទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមជារៀងរាល់ឆ្នាំតរៀងមក ហើយឆ្នាំនេះគឺជា ខួបលើកទី២០ នៃទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម៕