សមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនបុរសម្នាក់ ដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ
បាត់ដំបង ៖ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សមាគមសារព័ត៌មានសុក្រឹតសាខាខេត្តបាត់ដំបង ដែលមានលោក សុីម វិសាល ជាប្រធាន បានដឹកនាំសហការី ចុះយកអំណោយមូលនិធិមនុស្សធម៌របស់សមាគម ផ្តល់ជូនគ្រួសារលោក ដារ៉ា សីលា អាយុ២៤ឆ្នាំ រស់នៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានជីវភាពខ្វះខាត និងកំពុងមានជំងឺប្រចាំកាយ ដោយគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរ សម្រាកព្យាបាលនៅផ្ទះ ។
ក្នុងឱកាសនោះ លោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹតសាខាខេត្តបាត់ដំបង បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅ និងស្ថានភាពជំងឺរបស់លោក ដារ៉ា សីលា ដែលមានជីវភាពខ្វះខាត និងកំពុងមានជំងឺប្រចាំកាយដោយគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរសម្រាកព្យាបាលនៅផ្ទះ សូមកុំបាក់ទឹកចិត្ត និងត្រូវខិតខំព្យាបាលជំងឺអោយឆាប់ជាសះស្បើយ ដើម្បីប្រកបរបររកស៊ីបន្តទៀត ហើយថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនតិចតួចមិនសមល្មម តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយគ្រាផងដែរ។
ជាមួយគ្នានេះ បន្ទាប់ពីទទួលបានការឧបត្ថម្ភខាងលើរួចមក ក្រុមគ្រួសារលោក ដារ៉ា សីលា បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសារព័ត៌មានសុក្រឹត ដែលមានលោក នួន នី ជាប្រធាន បានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់ក្រុមគ្រួសារលោកដែលកំពុងជួបការលំបាក និងសូមជូនពរអោយសមាគមមានការរីកចម្រើន និងជោគជ័យគ្រប់ពេល។
អំណោយដែលត្រូវនាំយកជូនគ្រួសារជនរងគ្រោះខាងលើរួមមាន ៖ ១.អង្ករ ២០គីឡូក្រាម, ២.ទឹកត្រី ១យួរ, ៣.ទឹកស៊ីអ៊ីវ ១យួរ, ៤.មីមួយកេះ, ៥.ទឹកសុទ្ធ៥យួរ, ៦.ថវិកាចំនួន ១០ម៉ឺនរៀល ៕