សាលាដំបូងរាជធានី ផ្តន្ទាទោសស្ត្រីម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត ករណីដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់ នូវសារធាតុញៀនជាង៤គីឡូក្រាម

ភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលើជនជាប់ចោទ​ម្នាក់ឈ្មោះ LOPEZ VACA KAREN CECIA ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ បូលីវី ដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀនជាង ៤គីឡូក្រាម បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម មាត្រា ៤០ កថាខណ្ឌទី២ និងកថាខណ្ឌទី៧ នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

ជុំវិញករណីនេះកន្លងទៅសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មាន​សម្ងាត់ពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន អាមេរិក (DEA) និងមន្ត្រីសហព័ន្ធប្រេស៊ីល កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ​បានធ្វើការត្រួតពិនិត្យវ៉ាល្លីសរបស់ជនសង្ស័យ ដែលធ្វើដំណើរមកពីទីក្រុង រីយ៉ូ ប្រទេសប្រេស៊ីល ឆ្លងកាត់ឌុយបៃ បន្តមកប្តូរជើងហោះហើរនៅម៉ាឡេស៊ី រួចធ្វើដំណើរមកអាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ MH762 ពីម៉ាឡេស៊ី ឃាត់ខ្លួន ជនសង្ស័យឈ្មោះ LOPEZ VACA KAREN CECIA ភេទស្រី ជនជាតិ បូលីវី ឆ្នាំកំណើត១៩៨៧។ក្រោយធ្វើតេស្តបឋមបង្ហាញលទ្ធផល បានបង្ហាញថា ជាល្បាយគ្រឿងញៀន ប្រភេទកូកាអ៊ីន (Cocaine) ចំនួន ២១បន្ទះធំ និង២២បន្ទះតូច (សរុប៤៣ បន្ទះ) ជាប់ជាមួយសាច់សម្លៀកបំពាក់ ដោយធ្វើការដេរភ្ជាប់ខោអាវ ដែលមានទម្ងន់សរុប ៤៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និងសាច់កំណាត់)។

ក្រោយពីឃាត់បានជនសង្ស័យត្រូវបានជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

CATEGORIES
Share This