ប្រធានាធិបតីម៉ិកស៊ិក៖ គ្មានការកើនឡើងការធ្វើអន្តោប្រវេសន៍នៅព្រំដែនភាគខាងជើងទេ បន្ទាប់ពីច្បាប់ថ្មីរបស់អាមេរិក

ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃចន្ទថា វិធានការអន្តោប្រវេសន៍ថ្មីដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ពុំបានបណ្តាលឱ្យមានការកើនឡើងនៃលំហូរការធ្វើអន្តោប្រវេសន៍ នៅតាមបណ្តោយព្រំដែនប្រទេសម៉ិកស៊ិក-សហរដ្ឋអាមេរិក នោះទេ។

លោក Lopez Obrador បាននិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ស្ថានភាពបច្ចុប្បន្នគឺខុសគ្នាខ្លាំងកាលពីខែធ្នូ ដែលនៅពេលនោះចំនួនជនអន្តោប្រវេសន៍គ្មានឯកសារជាច្រើ បានព្យាយាមឆ្លងកាត់ព្រំដែន បណ្តាលឱ្យមានវិបត្តិអន្តោប្រវេសន៍ ហើយពុំមានលំហូរច្រើនលើលប់ក្នុងការធ្វើអន្តោប្រវេសន៍នោះទេ ក្នុងរយៈពេល៥ខែមកនេះ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចេញក្រិតយ៉ាងតឹងរ៉ឹងដោយកំណត់ចំនួនអ្នកដែលអាចឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដើម្បីស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា លោក Lopez Obrador បានទទួលស្គាល់កាលពីថ្ងៃចន្ទថា ប្រទេសម៉ិកស៊ិក ប្រឈមមុខទៅនឹងសម្ពាធពីការកើនឡើងចំនួនជនអន្តោប្រវេសន៍ដែលបានជាប់គាំងដំណើរនៅតាមព្រំដែនភាគខាងជើងរបស់ខ្លួន ខណៈពួកគេធ្វើដំណើរមកពីប្រទេសដែលសហរដ្ឋអាមេរិក មានទំនាក់ទំនងមិនល្អ និងពុំមានកិច្ចព្រមព្រៀងនិរទេស។ លោកនិយាយថា ប្រទេសទាំងនោះរួមមានប្រទេសគុយបា វេណេស៊ុយអេឡា ហៃទី នីការ៉ាហ្គ័រ និងប្រទេសកាតេម៉ាឡា។

លោក Lopez Obrador បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ចរចាដោយផ្ទាល់លើការនិរទេសជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ជាមួយបណ្តាប្រទេសដើមកំណើតរបស់ពួកគេ បន្ទាប់ពីការចេញក្រិតរបស់លោក Biden។ បន្ថែមលើនេះ លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ចៀសការដោះស្រាយពីឬសគល់នៃការធ្វើអន្តោប្រវេសន៍ទៅភាគខាងជើងពីប្រទេសអាមេរិកឡាទីន ដែលជួបភាពក្រីក្រ និងគ្មានការងារធ្វើ ប៉ុន្តែបានជ្រើសរើសយុទ្ធសាស្រ្តតឹងរ៉ឹងបន្ថែមទៀតដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍។

CATEGORIES
Share This