ប្រកាស​ចូលកាន់​មុខតំណែង​ ក្រុមប្រឹក្សា​ស្រុកមង្គលបូរី​ ២១រូប ក្នុងអាណត្តិ​ទី៤​នេះ

បន្ទាយមានជ័យ ៖ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី សរុប២១រូប ត្រូវបានប្រកាសចូលកាន់​មុខតំណែង​ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម​ ប្លែក​ វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត​បន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីទទួលបានមុខតំណែងជាប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី លោក​ កែវ​ តុម បានធ្វើការប្តេជ្ញាចិត្ត ពង្រឹងនូវស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុង​ និងប្ដេជ្ញាគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ​ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​ របស់សម្តេចមហាបវរអធិបតី​ ហ៊ុន​ ម៉ាណែត​ នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាព​ និងចិរភាពកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ​២០៥០ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទីប្រាំពីរ​ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ​ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួនប្រាំគឺ​ មនុស្ស​ ផ្លូវ​ ទឹក​ ភ្លើង​ និងបច្ចេកវិទ្យា ។ ព្រមជាមួយគ្នានេះ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺ ផ្ដោតលើការពង្រឹងអភិបាល និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឲ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ខ្លាំងវៃឆ្លាត និងស័ក្ដិសមដើម្បីធានានិរន្តរភាពតួនាទីដំណើរការរដ្ឋបាលសាធារណៈដោយតម្កល់នូវផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយនឹងការកសាង និងការពង្រឹងនីតិរដ្ឋសំដៅដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកប​ ដោយបរិយាប័ន្ននិងចីរភាព។

ឯកឧត្ដមបានបន្តថា​ ទោះបីជាក្រុមប្រឹក្សា​ មិនមានតួនាទី និងការទទួលខុសត្រូវផ្ទាល់លើ ការដឹកនាំគ្រប់គ្រងចាត់ចែងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក៏ដោយ​ ក៏ក្រុមប្រឹក្សាមានភារៈកិច្ច តាមដានត្រួតពិនិត្យការអនុវត្តនូវសកម្មភាពរបស់រដ្ឋបាលស្រុករបស់ខ្លួន ដើម្បីជំរុញក្នុងការធានាឲ្យមានសន្តិសុខស្ថិរភាព និងសណ្ដាប់ធ្នាប់ល្អ ៕

CATEGORIES
Share This