មន្ត្រីជំនាញ ឃាត់ចាប់រថយន្តមួយគ្រឿង ខណៈលួចលាក់ដឹកជញ្ជូនឈើខុសច្បាប់
បាត់ដំបង ៖ កម្លាំងមន្រ្តីឧទ្យានុរក្ស ប្រចាំការស្នាក់ការច្រកចង្អៀត សហការជាមួយកម្លាំងសមត្ថកិច្ចប្រចាំការស្នាក់ការថ្មដា រួមជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត បានធ្វើការដេញបង្រ្កាបរថយន្តចំនួន០១គ្រឿងខណៈកំពុងលួចលាក់ដឹកជញ្ជូនឈើខុសច្បាប់។
លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើង នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ខណៈដែលក្រុមឈ្មួញកំពុងដឹកជញ្ជូនឈើតាមរថយន្តសណ្ដោងធុនធំ០១គ្រឿង ម៉ាក(យីហ្វាន់ដាយ) ពណ៌ខៀវ កម្លាំង 310 ពាក់ស្លាកលេខខាងមុខ (ត្បូងឃ្មុំ 3A-3400 នឹងខាងក្រោយ ព្រះសីហនុ 4A-2829) ដែលមានទិសដៅឆ្ពោះមកពីខេត្តពោធិ៍សាត់ និងបន្តដំណើរឆ្លងកាត់នៅត្រង់ចំណុចភូមិសាស្រ្ត មុខស្នាក់ការច្រកចង្អៀត និយាមកា 0289169-1388894 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។
បន្ទាប់ពីបង្ក្រាបបាន ជាក់ស្ដែងក្រុមល្បាតពិនិត្យឃើញថា រថយន្តសណ្ដោងធុនធំ ខាងលើបានបង្កប់ឈើប្រភេទស្ពង់ចំនួន០៤សន្លឹករួមមាន ៖ 0,30×1,30×5,00×1=1,95ម៉ែត្រគូប, 0,30×1,30×9,00×1=3,51ម៉ែត្រគូប, 0,30×1,50×9,00×1=4,05ម៉ែត្រគូប, 0,30×1,60×9,00×1=4,32ម៉ែត្រគូប ដែលសរុបទាំងអស់ស្មើរនឹង ១៣,៨៣ម៉ែត្រគូប បន្ទាប់មកក៏បានរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី