ស្ពានបេតុងចំនួន២ ក្នុងសង្កាត់ព្រះពន្លាត ភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅលេខ៦ កំពុងស្ថាបនាបាន៤០% ហើយ ទៅលើស្ពានឆ្លងស្ទឹងក្នុងភូមិចក

បន្ទាយមានជ័យ ៖ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមការងារ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាព នៃការដ្ឋានសាងសង់ស្ពានបេតុង ពីភូមិព្រះពន្លា តភ្ជាប់ទៅភូមិចក ប្រវែង១០៨ម៉ែត្រ ទទឹង១០ម៉ែត្រ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម​ កែ​ គឹមយ៉ាន​ អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បានស្ថាបនាបាន៤០%ហើយ។

ក្នុងការចុះពិនិត្យនោះលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របបញ្ចកោណដំណាក់កាលទី១ (កំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព) ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រតាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជា ឲ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ជាពិសេសដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទទួលបានហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង តាមរយៈគោលនយោបាយនេះ សម្រាប់សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ទទួលបានស្ពានបេតុងថ្មី អនុវត្តសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន២ ៖ ១-ស្ពានចក ពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក (ក្រវ៉ាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦) ប្រវែង១០៨ម៉ែត្រ ទទឹង១០ម៉ែត្រ ។ ២-ស្ពានព្រះពន្លា តភ្ជាប់ពីភូមិ៣ ភូមិ៤ ទៅភូមិព្រៃឫស្សី ក្នុងសង្កាត់ព្រះពន្លា (ផ្លូវជាតិលេខ៥ ) ដែលមានប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ។ គម្រោងនេះ បានចាប់ផ្តើមការសាងសង់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ អនុវត្តសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ជាក់ស្ដែងនាពេលនេះ កំពុងដំណើរការបានប្រហែលជាង៤០%ហើយ។ ម៉្យាងវិញទៀត ការសាងសង់ស្ពានបេតុងថ្មីនេះ ក្រុមការងារបានធ្វើពិនិត្យយ៉ាងម៉ត់ចត់ និងមុឺងម៉ាត់ ដូចជាធ្វើការពិនិត្យទៅលើគុណភាពបេតុង ជាមុនសិនទើបយកទៅប្រើការ ។ ទន្ទឹមជាមួយគ្នានេះសម្រាប់ស្ពានទាំងពីរខ្សែនេះ គឺ មានអត្ថប្រយោជន៍ និងចាំបាច់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ ៕

CATEGORIES
Share This