អាជ្ញាធរឃុំសង្កាត់ និងពលរដ្ឋរ មិនអាចទទួលយកបានចំពោះក្រុមហ៊ុន ឯក គង់ ចាក់ផ្លូវបេតុងបីខ្សែរមិនបានប៉ុន្មាន រងការខូចខាត់ទាំងធ្វើតេស្ត លទ្ធផលទទួលយកមិនបាន
ឧត្តរមានជ័យ ៖ អាជ្ញាធរឃុំសង្កាត់ ចំនួន៣ នៅក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ដូចពលរដ្ឋ មានការរអ៊ូរទាំមិនអាចទទួលយកបាន ពីការសាងសង់ផ្លូវបេតុង ៣ខ្សែរ របស់ក្រុមហ៊ុន ឯក គង់ ដែលដេញថ្លៃក្នុងការស្ថាបនាផ្លូវបេតុងបាន និងធ្វើហើយមិនបានប៉ុន្មានខែផង ផ្លូវបេតុងទាំងនោះ ត្រូវបានខូច ពុកផុយ ប្រេះស្រាំ ស្ទើគ្រប់កន្លែង ទាំងការធ្វើតេស្តតាមបែបបច្ចេកទេស មិនមានស្តងដាតាមការកំណត់។
ពីមុខតាមផ្លូវបេតុងដែលគ្មានគុណភាព និងរងការ ពុកផុយ ប្រេះស្រាំនេះ គឺ សុទ្ធតែមានប៉ាយដាក់ ឈ្មោះ ក្រុមហ៊ុន ឯក គង់ ជាអ្នកធ្វើហើយក្រុមហ៊ុន ដេញថ្លៃ ឬចរចារបានគំរោងពីរដ្ឋបានចំនួន៣គំរោង គឺ គំរោងផ្លូវបេតុងនៅស្រុកបន្ទាយអំពិលមានពីរ ឃុំគឺឃុំ គោកមន មានប្រវែង ១២៥១ម៉ែត្រ ចំនួនទឹកប្រាក់ ៣៦៣.៣៥៧.៤០០រៀល, ឃុំគោកខ្ពស់ មានចំងាយប្រវែង ៨៤៧ម៉ែត្រ ទឹកប្រាក់២៥២.១៦៥.០០០រៀល ។ ក្រុងសំរោង មាន សង្កាត់កូនគ្រៀល មានចំងាយប្រវែង ៥៦៨ម៉ែត្រ ទឹកប្រាក់ ២៦៩.៨០០.០០០រៀល ។ បើសរុបទាំងអស់ ក្រុមហ៊ុន ឯក គង់ ទទួលគំរោងសរុបចំងាយ២៦៦៦ ម៉ែត្រ និងទឹកប្រាក់ សរុប ៨៨៥លាន៣សែន២មុឺន២ពាន់៤០០រៀល ដោយគំរោងទាំងបីនេះ បន្ទាប់ពីបានសាងសង់រួច ត្រូវបានគណៈកម្មការឃុំ និងគណៈកម្មការ ការងារបច្ចេកទេសជំនាញខេត្ត បានចុះពិនិត្យចោះធ្វើតេស្ត រកលទ្ធផល ប៉ុន្តែ លទ្ធផលមិនអាចទទួលយកទេ ដោយសារការសាងសង់របស់ក្រុមហ៊ុន ឯក គង់ ធ្វើមិនបានតាម បទដ្ឋានស្តង់ដា បច្ចេកទេស និងតាមលក្ខ័ណកិច្ចសន្យាឡើយ។
តែទោះបីជាផ្លូវដែលចាក់បេតុងហើយ មិនអាចទទួលយកបានក៏ដោយ មិនដឹងជាហេតុអ្វី បានជា មានការព្រមព្រៀងទទួល បើកប្រាក់៩០% ដែលប្រាក់បើកលើកទី២ នៃគំរោងអោយទៅម្ចាស់ក្រុមហ៊ុន ធ្វើផ្លូវទាំងដែលដឹងថា ការសាងសង់ ផ្លូវនេះ មិនត្រូវស្តង់ដា ។
ទាក់ទងនិងបញ្ហានេះ បើតាមលោកមេឃុំគោកខ្ពស់ បានអោយដឹងតាមទូរស័ព្ទថា ជុំវិញគំរោងសាងសង់ផ្លូវបេតុងនេះដែរ រូបលោក និងគណៈកម្មការ ក្រោយពីបានធ្វើតេស្តក្រុមការងារខេត្តរួចមក ការសម្រេចគឺមានតែជំនាញ និងខាងបច្ចេកទេសទេ ដែលដឹងថាផ្លូវមានគុណភាព ឬអត់គុណភាពនោះ តាមការជាក់ស្តែង គឺឃុំមិនទទួលយកផ្លូវដែលខូចខាតនោះទេ ប៉ុន្តែខាងក្រុមហ៊ុន សន្យាថា នឹងមកជួសជុលវិញ តែមិនដឹងថា ជួសជុលដោយរបៀបណាទេ ។ ម៉្យាងវិញទៀត ក្នុងនាមខ្ញុំជាមេឃុំពិតមែន តែការសម្រេចក្នុងការចេញ សែកលុយ បើកអោយក្រុមហ៊ុននោះ គាត់មិនអាចសម្រេចតែម្នាក់ឯងបានទេ បើមិនមានការសម្របសម្រួលថ្នាក់លើ ។
ដោយឡែកខាងលោក លឿង ណុច ចៅសង្កាត់កូនគ្រៀល បានអោយដឹងថា ក្រោយពីមានមានការចុះធ្វើតេស្ត ទៅលើគំរោងឃើញថា មិនត្រឹមត្រូវ មិនអាចទទួលយកជាការបាននោះ ទើបមានហៅប្រជុំគណៈកម្មការភ្លាមៗ ដើម្បីវិនិច្ឆ័យ គំរោង អោយទាន់ហេតុការណ៍ ក្នុងនោះ ក្រុមហ៊ុន ឯក គង់ ធ្លាប់បានប្រគល់គំរោង សុំការបើកប្រាក់ ទៅតាមគំរោងនិងកិច្ចសន្យាក្តី ប៉ុន្តែក្រោមការវាយតម្លៃមិនទទួលយក ជាផ្លូវការ គឺស្ថិតក្នុងការពិចារណា របស់គណៈកម្មកា និងក្រុមការងារ ថ្នាក់ខេត្ត ទើបលោកមេឃុំមិនចុះហត្ថលេខាទទួលគំរោង និងមិនចេញសែក បើកប្រាក់អោយក្រុមហ៊ុនឡើយ ។
ជុំវិញបញ្ហាខាងលើនេះ ក្រុមអ្នកយកព័ត៌មាន មិនអាចសុំការបំភ្លឺពីលោក ឃឹត សាម៉ាក់ នាយកទីចាត់ការ ផែនការវិនិយោគ ខេត្តឧត្តរមានជ័យបានទេ ៕