សិស្សសាលាពន្លកខ្មែរ ៤នាក់ ត្រូវនគរបាលក្រុងប៉ោយប៉ែត ឃាត់ធ្វើការអប់រំ ក្រោយមានគណនីហ្វេសប៊ុកមួយ បានបង្ហោះពីសកម្មភាពពួកគេជួបជុំគ្នា តាមហាងកាហ្វេ ជក់បារី និងគេចមិនចូលរៀន

បន្ទាយមានជ័យ ៖ បន្ទាប់ពីមានព័ត៌មានការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក មានក្មេងៗសិស្សសាលា មួយក្រុម បានជួបជុំគ្នានៅហាងការហ្វេមួយ នៅក្រុងប៉ោយប៉ែត គេចសាលាមិនចូលរៀន នាំគ្នាជក់បារី ក្នុងកាយវិការមិនសមរម្យ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១២ និង៣០នាទីរសៀល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យនគរបាលផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនិងបានឃាត់សិស្សសាលាទាំងនោះ យកមកសួរនាំ និងធ្វើការអប់រំ។

សិស្សសាលាដែលនគរបាលឃាត់យកមកអប់រំ មានចំនួន៤នាក់ រួមមាន៖ ១-ឈ្មោះឈ រ ភេទប្រុស ២-ឈ្មោះ ហ ស វ ឡ ភេទប្រុស ៣-ឈ្មោះ រ ជ វ ភេទប្រុស ៤-ឈ្មោះ ន ស ប ភេទប្រុស អង្គុយក្នុងហាងកាហ្វេមួយកន្លែងឈ្មោះ អុីណាអុី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាតអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងកាយវិការមិនសមរម្យរួមទាំងមានការជក់បារី។
នៅវេលាម៉ោង ១៦ និង០៥នាទី ថ្ងៃខែឆ្នាំដដែល សិស្សទាំង៤នាក់ ត្រូវបាន កម្លាំងនគរបាលក្រុងប៉ោយប៉ែត នាំយកទៅសាលាពន្លកខ្មែរ ជួបជាមួយលោកនាយកសាលា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នគរបាលបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចបានប្រគល់ក្មេងទាំងនោះ ជូនឪពុកម្តាយយកទៅអប់រំបន្តនៅផ្ទះ។

ក្រៅពីការឃាត់អប់រំខាងលើ សមត្ថកិច្ចអាជ្ញាធរ ក៏បានចុះគ្រប់កន្លែងកំសាន្ត និងហាងកាហ្វេរដទៃទៀត បានឃាត់អប់រំបានសិស្សសាលា ដែលមិនចូលរៀន មានទាំងឯកសណ្ឋានសិស្ស ធ្វើការអប់រំបានចំនួន១៣នាក់ទៀតផងដែរ ៕

CATEGORIES
Share This