អនុវត្តដីកា ចាប់ខ្លួនជនត្រូវចោទម្នាក់ រកឃើញថ្នាំញៀនបន្ថែម ១៩កញ្ចប់

បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានរកឃើញថ្នាំញៀនបន្ថែម ចំនួន ១៩កញ្ចប់ ក្រោយចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន ជនត្រូវចោទម្នាក់ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន។

លោកអនុសេនីយ៍ឯក ផាត់ សុភ័ក្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានបញ្ជាក់ថា នៅវេលា​ម៉ោង១០និង៥០នាទី ថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ​២០២៤ លោកបានដឹកនាំកម្លាំងចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៥៨៩ ត.ព្រ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ របស់លោក អ៉ី សុវណ្ណ ចៅក្រមស៉ើបសួរ នៃ​សាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ពៅ ណាសុីម ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ នេសាទ រស់នៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងតាមបញ្ញាតិ្ដមាត្រា៤០ កថាខណ្ឌ៣ និងកថាខណ្ឌ៤ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តនៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ។

បន្ទាប់ពីឃាត់ខ្លួនកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានធ្វើការត្រួតពិនិត្យ និងឆែកឆេរកឃើញវត្ថុតាង
គ្រឿងញៀនប្រភេទ( ម៉ាទឹកកកICE) ចំនួន ១៩កញ្ចប់ ទម្ងន់ ១៨,៩៦ ក្រាម ( ថ្លឹងទាំងសំបក ) ទូរស័ព្ទដៃ ០១គ្រឿង និងទូកស្មាច់ចំនួន ០១គ្រឿង។

ក្រោយឃាត់ខ្លួន ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ អនុវត្តបន្តតាមនីតិវិធី៕
ដោយ ៖ សាលី

CATEGORIES
Share This