រដ្ឋបាលស្រុកបាកាន មិនទាន់មានចំណាត់ការ លើមេឃុំរំលេច និងពលរដ្ឋ ចាក់ដីរំលោភយកដីអូរ
ពោធិ៍សាត់ ៖ រដ្ឋបាលស្រុកបាកាន មិនទាន់មានចំណាត់ការជាក់ស្តែង តាមអ្វីដែលលោកអភិបាលស្រុកបានអះអាង អោយមេឃុំរំលេច និងពលរដ្ឋដែលចាក់ដីលុបអូរធ្វើកម្មសិទ្ធ កាយយកអាចម៍ដីដែលចាក់ឡើងវិញនោះទេ ។
តាមប្រជាពលរដ្ឋ និងលោកមេភូមិរំលឹច បានអោយដឹងថា ពិតជាមានករណីចាក់ដីលុបអូរ ចំនួនពីរកន្លែង ដែលស្ថិតក្នុងភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៤ ពិតមែន ដោយទីតាំងទីមួយ ដីរបស់លោកមេឃុំ អ្នកចាក់ផ្ទាល់នៅខាងជើងសាលាឃុំរំលេច កន្លែងទីពីរ ចាក់លុបអូរ និងសង់របងនៅជាប់ស្ពានថ្ម ខាងត្បូងសាលារៀនបឋមសិក្សារំលេច ។
ពាក់ព័ន្ធករណីខាងលើនេះ លោកមេឃុំរំលេច បានបំភ្លឺប្រាប់មកអង្គភាពសារព័ត៌មានយើងថា ដីចំណីអូរដែលលោកបានចាក់ចូលនោះ គឺ មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ តែលោកមិនអាចបង្ហាញបាននោះទេ
ដោយឡែក ដីប្រជាពលរដ្ឋដែលបានចាក់លុបអូរ និងសង់របងថ្ម ចូលចំណីអូរលោកបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ និងកាយអាចម៍ដី ដែលបានចាក់ម្ដងរួចមកហើយ តែជាក់ស្ដែងមិនឃើញកាយអាចម៍ដីចេញវិញទាល់តែសោះ។
ជុំវិញករណីខាងលើនេះ ខាងអង្គភាពសារព័ត៌មានយើងធ្វើការទំនាក់ទំនង និងផ្ដល់ព័ត៌មានទៅលោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកានម្តងរួចហើយ ដោយលោក បានអះអាងថា បានបញ្ជាឲ្យអភិបាលរងស្រុក ចុះនិងត្រួតពិនិត្យមើល និងឱ្យកាយអាចម៍ដីដែលបានចាក់ កាយចេញវិញ។
ជាថ្មីម្តងទៀត លោកថា នឹងមានចំណាត់ការឱ្យកាយអាចម៍ដីចេញដដែល តែចំណាត់ការរបស់លោក នៅមិនទាន់មានប្រសិទ្ធភាព ដល់លោកមេឃុំ ដែលអង្គុយលើច្បាប់បំពានច្បាប់ និងពលរដ្ឋដែលមើលគំរូតាមលោកមេឃុំឡើយ ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋនិងមហាជន កំពុងចាំមើលលោកអភិបាលស្រុកបាកាន មានចំណាត់ការ ដូចពាក្យដែលលោកនិយាយដែរឬទេ ៕
ដោយ ៖ សំណាង