ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៩គ្រួសារ ទទួលអំណោយកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៩គ្រួសារ នៅឃុំ អូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ។

លោកស្រី សុខ លាបភា នាយិការងក្រុមប្រតិបត្តិ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានលើកឡើងថា រាល់សម្ភារៈថវិកាដែលសាខាកាកបាទក្រហម យកមកផ្ដល់ជូនបងប្អូន រងគ្រោះដោយធម្មជាតិខ្យល់កន្ត្រាក់នាពេលនេះ គឺ បានមកពីការចូលរួមបរិច្ចាគពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជន ដើម្បីយកមកជួយដល់បងប្អូនរងគ្រោះ និងងាយរងគ្រោះ ហើយបើទោះបីជាអំណោយទាំងនេះ មានចំនួនតិចតួច ពុំបានគ្រប់គ្រាន់ទៅនិងការខូចខាតផ្ទះសំបែង ផលដំណាំផ្សេងៗ ក៏ពិតមែន តែវាអាចជួយសម្រាលទុក្ខលំបាក បងប្អូនបានមួយគ្រា ។

លោកស្រី ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនទាំងអស់ មានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិផ្សេងៗ ព្រោះថា រដូវនេះជារដូវភ្លៀងធ្លាក់ រួមមាន ផ្គររន្ទះ ខ្យល់កន្ត្រាក់ លាយឡំគ្នា ដូច្នេះសូមឱ្យបងប្អូនសំអាតអនាម័យបរិស្ថាន ហូបស្អាត ផឹកស្អាត រស់នៅស្អាត សំខាន់ជាងនេះទៀត គឺ សុខភាព បើកបាត់សុខភាពអ្វីៗ គឺ ត្រូវបាត់បង់គ្រប់យ៉ាង ។ បញ្ហាមួយទៀត គឺគ្រឿងញៀន ដូចនេះសូមពុកម៉ែបងប្អូនជាអាណាព្យាបាល ធ្វើការណែនាំកូនចៅ កុំឱ្យប្រើប្រាស់និងជួញដូរគ្រឿងញៀន ។

សូមបញ្ជាក់ថា អំណោយដែលត្រូវបាន ប្រគល់ជូន ក្នុងមួយគ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេសតូច, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ភួយ ១, សារុង ១, ក្រមា ១, កន្ទេលជ័រ ១, ទឹកសុទ្ធ ១យួរ និងថវិកាមួយចំនួន ព្រមទាំងបានផ្ដល់ជូននូវស័ង្កសី សម្រាប់ប្រក់ដំបូលផ្ទះ ដែលត្រូវបានខ្យល់កន្ត្រាក់បំផ្លាញ សរុបចំនួន ១៧៤សន្លឹកផងដែរ ៕

CATEGORIES
Share This