ចោរថ្លើមធំម្នាក់ ហានលួចរថយន្តទាំងជីដូន និងចៅ នៅក្នុងរថយន្ត ខណៈម្ចាស់ចុះទិញទំនិញ
បន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើល និងមិននឹកស្មានថា មានចោរហានចូលបើកលួចរថយន្ត ទាំងជីដូននិងចៅ នៅក្នុងរថយន្ត ខណៈម្ចាស់ចុះទិញទំនិញ តែត្រូវបានកម្លាំងសមត្ថកិច្ច រូមនិងអាជ្ញាធរមូលដ្ឋាន ដេញតាមចាប់រកឃើញរថយន្តមកវិញ ។
ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្សាអគ្គស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពព័ត៌មាន និងកាំម៉ារ៉ាសុវត្ថិភាព បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តសេរីទំនើបមួយគ្រឿង ម៉ាកលុចស៊ីសRX300ពណ៌ស ពាក់ស្លាក់លេខ បន្ទាយមានជ័យ 2C-4361 ដែលម្ចាស់បញ្ឆេះ រួចឈប់ចត ចុះទិញទំនិញ ត្រូវបានចោរលួចចូលបើកទៅ ជាមួយយាយ និងចៅ ធ្វើឲ្យមានការផ្អើលឆោឡោ ។
តាមលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទនៅថ្ងែទី២២ ខែឧសភា ឆ្នាំ២០២៤ថា រថយន្តខាងលើបានបើកដល់ចំណុចកើតហេតុ ក៏បានឈប់ចត បញ្ឆេះដោយមិនបានពន្លត់ម៉ាស៊ីន ព្រោះនៅក្នុងរថយន្តនោះ មានម្ដាយនិងកូនរបស់គាត់ ខណៈនោះជនសង្ស័យ ជាចោរខាងលើអាចថា ជាជនញៀនថ្នាំ បានឡើងបើកចេញទៅបាត់ រយៈពេលមិនបាន៥ម៉ោងផង សមត្ថកិច្ចសហការជាមួយស្ថាប័នផ្សេង ដើម្បីស្វែងរក ក៏ស្រាប់តែឃើញរថយន្តដែលជនសង្ស័យបើក យកទៅប្លុងចោលនៅខាងក្រោយផ្សារសមាគមន៌៍ ស្ថិតក្នុងភូមិចាន់គិរី សង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត ។
លោកបញ្ជាក់ថា ចំពោះជនសង្ស័យ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរក ដើម្បីឃាត់ខ្លួនយកមកសួរនាំ។
ជុំវិញហេតុការនេះ ពលរដ្ឋក្រុងប៉ោយប៉ែត បានលើកឡើងថា ការកើតមានករណីខាងលើ ធ្វើអោយពួកគាត់មានការព្រួយបារម្ភជាខ្លាំង ព្រោះកន្លងមកមានតែករណីលួច នៅពេលម្ចាស់មិននៅ ឬទុកចោលតែឥឡូវសូមបីតែរថយន្តម្ចាស់នៅនឹងមុខ ចោលហានលួចទៀត ។ ពួកគាត់សង្ឃឹងថា សមត្ថកិច្ចនឹងពង្រឹងបង្ការនឹងទប់ស្កាត អោយបាននូវសកម្មភាព បទល្មើសលួច ធ្វើយ៉ាងណាអោយភូមិឃុំមានសុវត្ដិភាព៕