សាលាឧទ្ធរណ៍ សម្រេចផ្តន្ទាទោសមន្រ្តីពន្ធនាគារខេត្តបន្ទាយមានជ័យម្នាក់ បង្កគ្រោះថ្នាក់ចរាចរ អោយមាន អ្នកស្លាប់ និងរបួសធ្ងន់ ជាប់ពន្ធនាគារ ១ឆ្នាំ និងសងសំណងម្នាក់ ៤០លានរៀល
បន្ទាយមានជ័យ ៖ គ្រួសារអ្នកស្លាប់ និងរបួសធ្ងន់ ជាគូរដណ្តឹងនិងគ្នា ក្នុងកណីគ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយមន្រ្តីពន្ធនាគារខេត្តបន្ទាយមានជ័យម្នាក់ បើករថយន្តបុក កាលពីដើមឆ្នាំ២០២២ បានថ្លែងអំណរគុណដល់ក្រសួងយុត្តិធម៌ និងតុលាការសាលាឧទ្ធរណ៍បាត់ដំបង ដែលបានជម្រះក្តីផ្តល់ភាពយុត្តិធម៌ ដល់ជនរងគ្រោះ សម្រេចផ្តន្ទាទោសជនបង្ក ជាមន្រ្តីពន្ធនាគារដាក់ពន្ធនាគារ២ឆ្នាំ៦ខែ ដោយអនុវត្តទោសក្នុងពន្ធនាគារ១ឆ្នាំ និងបង់ប្រាក់សំណងលើជនរងគ្រោះ ម្នាក់៤០លានរៀល ផ្ទុយនឹង២ចំណុច នៃសេចក្តីសម្រេច របស់សាលាដំបូងខេត្តបន្ទាយមានជ័យដែលជម្រះក្តី ផ្តន្ទាទោសកំណត់ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ តែទោសនេះត្រូវបានព្យួរធម្មតា ដោយអោយនៅក្រៅឃុំ និងជនរងគ្រោះ មិនទាន់ទទួលបានសំណងថែមទៀត។
យោងតាមឃ្លីបវីដេអូ និងការអោយដឹងរបស់ឈ្មោះ អំ សាមឿន ត្រូវជាប្អូនសពជនរងគ្រោះ និងឈ្មោះ ទង់ ឈន ជាឪពុកជនរងគ្រោះ បានអោយដឹងថា ពួកគាត់ទទួលបានយុត្តិធម៌ហើយ នៅដំណាក់កាលសាលឧទ្ធរណ៍ បន្ទាប់ពីពួកគាត់បានប្តឹង ទៅសាលាឧទ្ធរណ៍នៅខេត្តបាត់ដំបង ទាស់នឹងសាលក្រមព្រហ្មទ័ណ្ឌលេខ ០៥”ខ”/២៣ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ របស់សាលាដំបងខេត្តបន្ទាយមានជ័យ ត្រង់ចំណុចទាំងមូល ។ ដោយហេតុថា សាលាដំបូងខេត្តបន្ទាយមានជ័យ សម្រចសេចក្តីមិនយុត្តិធម៌ អោយពិរុទ្ធជនឈ្មោះ វៀង លីគុយសេង ជាមមន្ត្រីពន្ធនាគារខេត្តបន្ទាយមាមជ័យ ដែលជាជនបង្ក បើកឡានបុកជនរងគ្រោះពីរនាក់អោយស្លាប់ និងរបួស ផ្តន្ទាទោសកំណត់ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ ទោសនេះព្យួរធម្មតា ពីបទ បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលអោយស្លាប់អ្នកដទៃ ប្រព្រឹត្តនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ។ និងអោយសងសំណង ចំនួន៣០លានរៀល ទៅដើមបណ្តឹងរដ្ឋប្បវេណីទាំងពីរនាក់ គឺ ម្នាក់៣០លានរៀល ។ តែសំណងនេះ គ្រួសារជនរងគ្រោះ មិនទាន់ទទួលបាននៅឡើយទេ រហូតមកដល់ពេលនេះ ជាងពីរឆ្នាំហើយ។ចំណែកពិរុទ្ធជនខាងលើ អាងតែខ្លួននៅក្រៅឃុំ មិនខ្វល់ពីការសងសំណង តាមសាលក្រមលើភាពវេទនា និងអយុត្តិធម៌លើជនរងគ្រោះ ។ តែទោះជាមិនទាន់ទទួលបានសំណង និងជនបង្កជាពិរុទ្ធជន មិនទាន់ត្រូវបានជាប់ឃុំ តាមសាលដីកាក៏ដោយ ជនរងគ្រោះ និងគ្រួសារសពជនរងគ្រោះ មានការជឿជាក់លើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងយុត្តិធម៌ និងតុលាការសាលាឧទ្ធរណ៍បាត់ដំបង ឯកឧត្តម សំ ម៉េងឌឿន ជាមេធាវី និងជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ ដែលបានជម្រះក្តី និងការពារក្តី ផ្តល់ភាពយុត្តិធម៌ សម្រេចផ្តន្ទាទោសជនបង្ក ជាមន្រ្តីពន្ធនាគារ ដាក់ពន្ធនាគារ២ឆ្នាំ៦ខែ ដោយអនុវត្តទោសក្នុងពន្ធនាគារ១ឆ្នាំ និងបង់ប្រាក់សំណងលើជនរងគ្រោះម្នាក់៤០លានរៀល តាមសាលដីកាលេខ៣១២(ង) ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ។ សាលដីការសាលាឧទ្ធរណ៍នេះ ប្រកាសជាសាធារណៈ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ជាសាលដីកាកំបាំងមុខជនជាប់ចោទ និងជាសាលដីកាចំពោះមុខ ដើមបណ្តឹងរដ្ឋបវេណី។ ទុកសិទ្ធិប្តឹងទាស់ និងបឹ្តងសាទុក្ខ ក្នុងកំណត់ច្បាប់។
ជនរងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះ បានអោយដឹងទៀតថា បើមានការប្តឹងទាស់ទៅតុលាការកំពូលពីសំណាក់ជនបង្ក ពួកគាត់សង្ឃឹមនឹងជឿជាក់ថាតុលាការកំពូល នឹងផ្តល់ភាពយុត្តិធម៌ជួនពួកគាត់ ដូចនៅសាលាឧទ្ធរណ៍បាត់ដំបង និងស្នើដល់ឯកឧត្តមនាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងចាត់វិធានការ ចំពោះជនបង្កជាមន្រ្តីពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលអាងខ្លួននៅក្រៅឃុំ ហើយកំពុងគេចវេសមិនទទួលខុសត្រូវលើជនរងគ្រោះ ដោយអាងខ្លួនជាមន្រ្តី និងមានម្តាយជាអតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នជាអភិបាលរងខេត្តពោធិ៍សាត់ផង ៕
ដោយ ៖ សម្បត្តិ សីហា