អាណាព្យាបាល និងសិស្សនិស្សិត រីករាយ និងថ្លែងអណរគុណចំពោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ

ប៉ៃលិន ៖ អាណាព្យាបាល និងសិស្សនិស្សិត កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអណរគុណចំពោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដែលបានគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិ នាពេល អនាគត បន្ទាប់ពីរថយន្តក្រុងរបស់រដ្ឋបាលខេត្តប៉ៃលិន ចំនួន ៤គ្រឿង បានដឹកជញ្ជូនសិស្ស និស្សិត ចំនួន ៤៥នាក់ ទៅបន្តការសិក្សា នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ក្នុងខេត្តបាត់ដំបង ដោយឥតគិតថ្លៃ តាមការសន្យា។

ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗ ដែលអាចកើតមានឡើង ចំពោះសិស្សានុសិស្ស ដែលត្រូវធ្វើដំណើរទៅមក ដោយទោចក្រយាន ក្នុងគោលបំណងបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង រដ្ឋបាលខេត្តប៉ៃលិន បានដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ធ្វើ ការដឹកជញ្ជូនសិស្សនិស្សិត ជារៀងរាល់សប្តាហ៍ដោយឥតគិតថ្លៃ តាមទីតាំង និងពេលវេលា ដូចខាងក្រោម ៖
-ថ្ងៃសុក្រ ៖ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥.៣០ នាទីល្ងាច ចំណត់រថយន្ត នៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន ។
-ថ្ងៃអាទិត្យ ៖ ចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦.០០ នាទីល្ងាច ចំណត់រថយន្ត នៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ។

ដូចនេះបើសាធារណៈជន មាតាបិតា អាណាព្យាបាល និងសិស្ស និស្សិត ដែលមានបំណងចង់ធ្វើដំណើរតាម រថយន្តក្រុងរបស់រដ្ឋបាលខេត្ត សូមធ្វើការទំនាក់ទំនងមកទីចាត់ការរដ្ឋបាល សាលាខេត្តប៉ៃលិន តាមរយៈលេខទូរស័ព្ទ ០៨៨ ៦៧៨៩ ២៩៥ / ០១៦ ៤១៦ ៦៦៨ / ០៩៧ ៥៧៩ ៧៨៧៨ រៀងរាល់ម៉ោងធ្វើការចាប់ថ្ងៃជូនដំណឹងតទៅ៕

CATEGORIES
Share This