រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រជុំចាត់វិធានការទប់ស្កាត់ ការនាំចូលសាច់បង្កក និងទំនិញខូចគុណភាព

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានកោះប្រជុំបន្ទាន់មួយជាមួយមន្ទីជំនាញ និងកងកម្លាំងទាំងបីប្រភេទ លើបញ្ហាបង្កា ទប់ស្កាត់ បទល្មើសតាមព្រំដែន ដូចជា ការលួចនាំចូលសាច់បង្កក និងទំនិញខូចគុណភាពផ្សេង ៗ ។

កិច្ចប្រជុំនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់អស់លោក លោកស្រី មន្ត្រីរាជការ តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧, ៨១៥, ៨៩១ និង៩១១ ផងដែរ ដោយផ្តោតសំខាន់លើកការងារបង្ការ បង្ក្រាប សាច់បង្កក និងទំនិញខូចគុណភាពនៅតាមតំបន់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

គួរបញ្ជក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ នៃខេត្តបន្ទាយមានជ័យ មានការរិតបន្តឹងការនាំទំនិញចេញចូល តែមុនការរិតបន្តឹងនេះសកម្មភាពបទល្មើសតាមព្រំដែនកម្ពុជាថៃ នៃខេត្តបន្ទាយមានជ័យ បានកើតឡើងព្រងព្រាត ជាពិសេសនៅពេលយប់ តាមច្រករបៀង ជោគជ័យ (ណងចចាន់) ច្រករបៀងអូរបីជាន់ ច្រកបៀងតំបន់១ ច្រកសេះងាប់ដែលច្រករបៀងទាំងនេះ ភាគច្រើននាំទំនិញជាសត្វពាហនៈនិងសាច់សត្វ ។

ក្រៅពីច្រករបៀងក៏នៅមានច្រកតំបន់បឹងត្រកួន ក៏មានការនាំចូលទំនិញគ្រប់ប្រភេទ ពីប្រទេសថៃតាមរថយន្តកែច្នៃ ដោយមិនមានការបង់ពន្ធត្រឹមត្រូវតាមផ្លូវច្បាប់ មិនមានវិក័យបត្រចេញដោយមន្រ្តីគយប្រចាំច្រកឡើយ ដោយគ្រាន់តែប្រកាសបង់អោយសមត្ថកិច្ចមាត់ច្រក ទំនិញទាំងនោះអាចនាំចូលទាំងយប់ ហួសម៉ោងដែលច្រកបើកដំណើរការក៏បាន៕

 

CATEGORIES
Share This