កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ​ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅតុលាការ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីគ្រឿងញៀន ។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ជនសង្ស័យខាងលើមានឈ្មោះ ថន លីមហុង ហៅ ស្នា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទឹកភ្លើង មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត,​ និងឈ្មោះ លី ឧត្តម ហៅ ដំ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ ទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវរហូតឈានដល់បង្ក្រាបឃាត់ខ្លួន កាលពីវេលាម៉ោង១៨ និង ០០នាទី   ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្លឹបកំសាន្ត EDM ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកបន្តថា ប្រតិបត្តិការនេះសមត្ថកិច្ច បានដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (កេតាមីន) ចំនួន០៤ថង់កិប ទម្ងន់២១,២២ក្រាម, ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន២០គ្រាប់ (ពណ៌ស្វាយ ០១គ្រាប់) (អ៊ិចស្តាស៊ី) ទម្ងន់ ៨,១០ក្រាម,​ កញ្ចប់ម្ស៉ៅពណ៌ស្វាយរូបផ្លែទំពាំងបាយជូរ (អ៊ិចស្តាស៊ី) ចំនួន​ ០៥កញ្ចប់ ទម្ងន់ ៦៦,១៣ក្រាម,​ កញ្ចប់ម្ស៉ៅពណ៌ក្រហមរូបសេះ (អ៊ិចស្តាស៊ី) ចំនួន ០៣កញ្ចប់ ទម្ងន់ ១៩,៩៩ក្រាម,​ ម៉ូតូ ចំនួន ០១គ្រឿង និងទូរស័ព្ទ ចំនួន ០២គ្រឿង ។

ក្រោយឃាត់ខ្លួន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This