បុរសម្នាក់ ច្នៃគ្រាប់ DK75 ធ្វើកន្តឹងគោ បណ្តាលឲ្យផ្ទុះស្លាប់នឹងកន្លែង
បន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់ បានស្លាប់ភ្លាមនឹងកន្លែង ខណៈច្នៃគ្រាប់ DK75 ដើម្បីធ្វើកន្ដឹងគោ បណ្តាលឲ្យផ្ទុះ កាលពីពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប្រង ប៊ិស ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ តាមការស្រាវជ្រាវ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ ជនរងគ្រោះបានទៅភ្ជួរចម្ការ ក៏ប្រទះឃើញហើយយកមករក្សាទុក នៅក្រោមជង្រុកជាង១ឆ្នាំមកហើយ ដោយមិនរាយការណ៍ឲ្យសមត្ថកិច្ចបានដឹងនោះទេ។
ប្រភពបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានយកគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះ ប្រភេទគ្រាប់DK75 ដែលទុកនោះ មកដំក្នុងគោលបំណងកែច្នៃធ្វើកន្តឹងគោ ក៏បណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗនឹងកន្លែងតែម្តង ។ ប៉ុន្តែករណីនេះ មិនបង្កគ្រោះថ្នាក់ ដល់ប្រពន្ធនិងកូននោះទេ ដោយសារប្រពន្ធមិននៅផ្ទះ រវល់នៅឯចម្ការ កូមទី១ ដេកលើផ្ទះ កូនទី២ អង្គុយមើលឪពុកដំគ្រាប់ចម្ងាយប្រហែលជាង១០ម៉ែត្រទើបមិនរងគ្រោះថ្នាក់ ៕