ប្រតិភូសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចុះធ្វើសវនកម្មផ្ទៃក្នុង នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ប៉ោយប៉ែត ៖ ប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តមឧត្ដមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤បានចុះធ្វើសវនកម្មផ្ទៃក្នុងនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

ចុះធ្វើសវនកម្មផ្ទៃក្នុងនេះ អមដំណើរដោយលោកឧត្ដមសេនីយ៍ត្រី ម៉ៅ ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន រួមទាំងសហការី ចំនួន០៥រូប បានបើកកិច្ចប្រជុំធ្វើសវនកម្មផ្ទៃក្នុង សម្រាប់កាលបរិច្ឆេទ ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងកម្លាំង នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី អុី ចំរើននាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែក និងក្រុមផ្តល់ទិដ្ឋាការប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជាច្រើនរូបទៀតផងដែរ ។

ក្នុងដំណើរនេះ ក្រុមប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានពិនិត្យរបាយការណ៍ អំពីការអនុវត្តការងារជំនាញប្រចាំថ្ងៃរបស់ផ្នែកនីមួយៗ, ពិនិត្យវេនបែងចែកការងារ និងបញ្ជីវត្តមានប្រចាំថ្ងៃរបស់ផ្នែកនីមួយៗ, ពិនិត្យរបាយការណ៍ បញ្ចីវត្តមានរួម លិខិតសុំអនុញ្ញាតច្បាប់ សៀវភៅចុះលេខចេញ-ចូល និងឯកសារផ្សេងៗទៀត ដែលទទួលបានពីការិយាល័យ នាយកដ្ឋាន អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធប្រចាំឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធមួយចំនួន, ត្រួតពិនិត្យកម្លាំង និងចុះបញ្ជីវត្តមានតាមបណ្តាគោលដៅរបស់ផ្នែកនីមួយៗ, ផ្ទៀងផ្ទាត់អចលនទ្រព្យ សម្បត្តិរដ្ឋ  សម្បត្តិអង្គភាព និងអាវុធ ។

ក្រៅពីការត្រួកពិនិត្យ ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងកម្លាំង ឯកឧត្ដម ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានចុះពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅថ្មីរបស់មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលកំពុងដំណើរការនៃការសាងសង់ ៕

CATEGORIES
Share This