តើបុគ្គលឈ្មោះ តែន ជានរណា? បានជាមានឥទ្ធិពលបើកល្បែងមាន់ជល់តាមអនឡាញ ស្ទើទូទាំងខេត្តបាត់ដំបង ផ្គើននឹងចំណាតការរដ្ឋាភិបាល

បាត់ដំបង ៖ ល្បែងសុីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ ដាក់បញ្ចាំងតាមអាយផែត និងកុំព្យូទ័រ កំពុងរីកដុសដាលតាមស្រុក ស្ទើទូទាំងខេត្តបាត់ដំបង ពីសំណាក់បុគ្គលឈ្មោះ តែន ដោយគេពុំដឹងថា បុគ្គលនេះជានរណា បានជាមានឥទ្ធិពលអាចបើកល្បែងនេះបាន ផ្គើននឹងចំណាតការរបស់រដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ។

ល្បែងស៊ីសង ដែលបានបើកលេងស្ទើគ្រប់ស្រុកក្រុងទូទាំងខេត្តបាត់ដំបងនាពេលនេះ ជាល្បែងជល់មាន់តាមអនឡាញ ដែលកន្លងមកល្បែងនេះ មានគ្រប់ទីកន្លែងតាមហាងកាហ្វេ តារាងបាល់ និងនៅតាមផ្ទះដល់ថ្នាក់ឃុំ ដោយជ្រកក្រោមឆ្នោតឡូតូ ។ តែក្រោយមក ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្តពីសម្តេចតេជោ ហ៊ុន សែនបានដាក់ចេញជាគោលការណ៍មួយចំនួន ដល់ក្រសួងសេដ្ឋកិច្ច និងរដ្ឋបាលរាជធានីខេត្ត ពិនិត្យឡើងវិញ នូវល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ កាលពីមុនចូលឆ្នាំ ល្បែងជល់មាន់ជ្រកក្រោមល្បែងឡូតូក៏ត្រូវបានបិតស្ទើតែទាំងស្រុង បន្ទាប់ពីអាជ្ញាធរសមត្ថកិច្ច បានចុះត្រួកពិនិត្យគ្រប់ទីកន្លែង ។ តែមិនបានប៉ុន្មានផង ក្រោយចូលឆ្នាំស្រាប់តែរីករាល់ដាលឡើងវិញ ជាពិសេសនៅតាមទីតាំងណាដែលមានតារាងបាល់ទះ តែងត្រូវបានឈ្មោះ តែន ដាក់ពង្រាយកូនចៅរបស់ខ្លួន បើកអោយលេងយ៉ាងរលូន មិនរំខាន់អាជ្ញាធរឬសមត្ថកិច្ចណាចុះបង្រ្កាបដូចមុនឡើយ ។ ជាក់ស្តែងទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ ដូចបានរៀបរាប់ខាងលើ ចំនួនពីរស្ថិតនៅជាប់ ឬក្នុងតារាងបាល់ទះ ចំនួនពីរក្នុងភូមិនរា០២ ឃុំនរា ស្រុកសង្កែ និងភូមិភ្នំគល់ ឃុំកន្ទឺ០២ ស្រុកបាណន់ ខេត្តបាត់ដំបង បានបើកលេងយ៉ាងគគ្រឹកគគ្រេង ត្រូវបានអ្នកព័ត៌មានយើងថតបាន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ មិនរាប់ទីតាំងដទៃទៀត នៅក្នុងក្រុងបាត់ដំបង និងស្រុកផ្សេងទៀត។ ទីតាំងទាំងពីរនោះ បើតាមអ្នកចាំស៊ីសងល្បែងខាងលើថា មេរបស់គេឈ្មោះ តែន និយាយជារួមអោយតែទីតាំងល្បែងជល់មាន់តាមអនឡាញណាមានឈ្មោះ M៩៩ គឺមានឈ្មោះ តែន ជានាក់នៅពីក្រោយ។

ពាក់ព័ន្ធករណីល្បែងស៊ីសងខាងលើនេះ អង្គភាពសារព័ត៌មានយើង បានធ្វើការទំនាក់ទំនងតាមប្រព័ន្ធទូរសព្ទទៅ លោក សំ វីរៈ អធិការនគរបាលស្រុកបាណន់ដែល តែលោកមិនលើកទូរស័ព្ទ។ ហើយយើងក៏បានទំនាក់ទំនងទៅលោក ស្រេង សុខា អភិបាលស្រុកបាណន់ លោកបានបកស្រាយបំភ្លឺប្រាប់មកអង្គភាពសារព័ត៌មានយើងថា ពាក់ព័ន្ធនឹងល្បែងស៊ីសងមាននៅកន្លែងណា អធិការនគរបាលស្រុកទទួលខុសត្រូវ កន្លែងនោះ ព្រោះអធិការបានសន្យាចំពោះមុខសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ដើម្បីអោយកាន់តែច្បាប់អង្គភាពសារព័ត៌មានយើង បានធ្វើការទំនាក់ទំនង ទៅលោក សាត គឹមសាន្ត ស្នងការនគរបាលខេត្តបាត់ដំបងដោយ លោកបានបញ្ជាក់ថា ពាក់ព័ន្ធនិងល្បែងស៊ីសងឲ្យទំនាក់ទំនងទៅអភិបាលស្រុក បើមានល្បែងស៊ីសងនៅស្រុកណា ស្រុកនោះត្រូវទទួលខុសត្រូវ ដែលការបញ្ជក់របស់អាជ្ញាធរ និងសមត្ថកិច្ច បានត្រឹមតែឆ្លើយដាក់គ្នាតែប៉ុណ្ណោះ ។

ការដែលល្បែងស៊ីសងអាចដំណើរការបានយ៉ាងរលូនដូចនេះ វាមិនត្រឹមតែផ្គើននឹងចំណាត់ការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នោះទេ វាថែមទាំងផ្ទុយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រដ្ឋាភិបាលកម្ពុជាផងដែរ។

ជុំវិញបញ្ហាល្បែងស៊ីសងនេះដែល ត្រូវបានពលរដ្ឋលើកឡើងតាមតុកាហ្វេថា លុយពិបាករក ម្នាក់ៗជំពាក់ធនាគាររកលុយបង់មិនបាន បែរជាល្បែងស៊ីសងដូចជាឆ្នោយយួន ឆ្នោតថៃ និងជល់មាន់តាមទូរទស្សន៍ រីកដូចផ្សិត។ បើអាជ្ញាធរសមត្ថកិច្ចថ្នាក់ខេត្តវិញ ចាត់វិធានការបង្រ្កាប់គគ្រឹកគគ្រេង បានតែមួយចំអិនកំពឹស ពេលដែលនាយករដ្ឋមន្រ្តីបញ្ជាហើយ ក៏ស្ងាត់ទៅវិញ។ ពលរដ្ឋសង្ឃឹមថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នឹងទទួលជ្រាបរឿងល្បែងជល់មាន់តាមអនឡាញនេះ នឹងមានវិធានការបង្រ្កាប់ទៅតាមចំណាត់ការរបស់រដ្ឋាភិបាល៕

CATEGORIES
Share This