ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ១៣គ្រួសារ នៅស្រុកបាណន់ ទទួលអំណោយកាកបាទក្រហមកម្ពុជា
បាត់ដំបង ៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៣គ្រួសារ នៅស្រុកបាណន់ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយលោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាស្រុក ។
លោក ស្រេង សុខា បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជំរាបជូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដោយបានបញ្ជាក់ថា សម្តេច តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ មួយវិញទៀត បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាព បរិភោគទឹកឆ្អិនរស់នៅមានអនាម័យល្អ និងប្រុងប្រយ័ត្នការពារសុខភាព អំឡុងពេលអាកាសធាតុក្តៅ ចំពោះស្ត្រីមានកូនតូច ឬមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជំនាញយ៉ាងតិចឱ្យបាន ៤ដង ហើយត្រូវសម្រាលកូននៅមណ្ឌលសុខភាព បើបងប្អូនមានជំងឺសូមប្រញាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅជិតបំផុត ឱ្យបានទាន់ពេលវេលា កុំបង្អង់យូរដែលនាំគ្រោះថ្នាក់ដល់អាយុជីវិត។
លោកប្រធានអនុសាខាស្រុក ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់អំពីសុវត្ថិភាព ក្នុងការធ្វើដំណើរលើដងផ្លូវចៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថា សម័យកាលមុនមានបងប្អូនយើងជាច្រើនបានរងគ្រោះធ្លាក់ខ្លួន ពិការ ដោយសារសង្គា្រម តែបច្ចុប្បន្ននេះយើងរស់នៅក្រោមដំបូលនៃសុខសន្តិភាព យើងក៏មិនត្រូវបណ្តោយខ្លួនយើង ឱ្យក្លាយទៅជាជនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗ ទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ១កេស, ត្រីខ ១០កំប៉ុង, សំពត់តង់១ និងថវិកាចំនួន២ម៉ឺនរៀលផងដែរ ៕
ដោយ ៖ សាលី