ឆ្លងចរន្តអគ្គីសនី បង្កឲ្យឆេះដេប៉ូប្រេងឥន្ធនៈ ១កន្លែង នៅស្រុកគូលែន សរុបការខូចខាតជាង២០មុឺនដុល្លា
ព្រះវិហារ ៖ គ្រោះអគ្គីភ័យបានលេបត្របាក់ ដេប៉ូប្រេងឥន្ធនៈមួយកន្លែង នៅស្រុកគូលែន ខេត្តព្រះវិហារ បង្កឲ្យខូចខាតអស់ទ្រព្យសម្បតិ្តសម្ភារៈផ្សេងៗ សរុបជាទឹកប្រាក់ អស់ជាង២០មុឺនដុល្លាសហរដ្ឋអាមេរិក ។
ហេតុការបង្កអោយមានការភ្ញាក់ផ្អើលមួយនេះ គឺ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា២ និង០០នាទីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រយង់់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។
លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានបញ្ជាក់ប្រាប់មកអង្គភាពសាព័ត៌មាន នៅតាមប្រព័ន្ធតេលេក្រាម នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះថា ហេតុដែលបង្កឲ្យគ្រោះអគ្គីភ័យកើតឡើងនេះ គឺ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
លោកអធិការ បានបន្តទៀតថា ទំហំនៃកាខូចខាត ទ្រព្យសម្បតិ្តសម្ភារៈដែលកើតចេញពីគ្រោះអគ្គីភ័យនេះ គឺ ប្រភេទសំណង ការ៉ាស់សាំងដែលមានទំហំទទឹង៣១ម៉ែត្រ គុណនឹង បណ្តោយ៣៣ម៉ែត្រ និងឥវ៉ាន់ភេសជ្ជៈលក់ចាប់ហួយ រួមនិងសម្ភារៈទ្រព្យសម្បត្តិផ្សេងៗ សរុបជាទឹកប្រាក់ខូចខាតអស់ជាង២០មុឺនដុល្លាសហរដ្ឋអាមេរិក ។
លោកអធិការបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងឧបទ្ទវហេតុ គ្រោះអគ្គីភ័យមួយនេះ គឺ បណ្តាលឲ្យបុរសម្នាក់ឈ្មោះ ឡាយ ឡុងសុីម អាយុ៤០ឆ្នាំ ជាម្ចាស់ការ៉ាស់សាំងខាងលើ បានរងរបួសស្រាល ហើយបច្ចុប្បន្នត្រូវបានកម្លាំងសមត្ថកិច្ច ក៏ដូចក្រុមគ្រួសារសាច់ញាតិ ដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រយង់កោះកេរ្ត៍ តែយ៉ាងណាក៏ដោយ ក្នុងហេតុការណ៍មួយនេះលោកអធិការថា គឺ មិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់អាយុជីវិត បងប្អូនប្រជាពលរដ្ឋណាម្នាក់នោះដែរ ។
ជាមួយគ្នានោះដែរលោកអធិការថា ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ គឺ បានបញ្ជាឲ្យអោយរថយន្តពន្លត់អគ្គីភ័យ នៅតាមបណ្តាអធិការស្រុកមួយចំនួន ដើម្បីចុះជួយអន្តរាគមន៍ ក្នុងនោះរួមមាន ៖ ១.រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចំនួន១គ្រឿង កម្លាំងចូលរួម៤នាក់ ប្រើប្រាស់ទឹកអស់២រថយន្ត, ទី២.រថយន្តពន្លតអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកគូលែន ១គ្រឿង កម្លាំងចូលរួម៩នាក់ ប្រើប្រាស់ទឹកអស់ចំនួន៦រថយន្ត, ទី៣.រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ១គ្រឿងកម្លាំងចូលរួម៥នាក់ ប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត, ទី៤.រថយន្តរបស់ស្រុកស្វាយលើខេត្តសៀមរាប ១គ្រឿង កម្លាំងចូលរួម៥នាក់ ប្រើប្រាសទឹកអស់៤រថយន្ត, ទី៥.រថយន្តពន្លត់អគ្គីភ័យរបស់អាជ្ញាធរជាតិប្រាសាទព្រះវិហារ ១គ្រឿងវកម្លាំងចូលរួម៤នាក់ប្រើប្រាស់អស់ទឹកចំនួន៤រថយន្ត, និងទី៦.រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ១គ្រឿង កម្លាំងចូលរួម៦នាក់ ប្រើប្រាស់អស់ទឹកចំនួន៣រថយន្តផងដែ ។
សរុបនៅក្នុងហេតុការគ្រោះអគ្គីភ័យខាងលើ លោកអធិការថា កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន៦គ្រឿង កម្លាំងសហការមកពីបណ្តាស្ថាប័នអង្គភាពផ្សេងៗ ក្នុងនោះរួមមានកម្លាំងរបស់ស្នងការដ្នាននគរបាលខេត្តព្រះវិហារ កម្លាំងរបស់អធិការដ្ឋាននគរស្រុកមួយចំនួន កម្លាំងកងរាជអាវុធហត្ថស្រុកគូលែន កម្លាំងយោធាផ្នែកសឹករងស្រុកគូលែន រួមនិងកម្លាំងរបស់អាជ្ញាធរជាតិប្រាសាទព្រះវិហារ សរុបចំនួន៤៨នាក់ ក្នុងនោះប្រើប្រាស់ទឹកអស់ចំនួន២២រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍នេះបានទាំងស្រុង ៕
ដោយ ៖ រ៉ាស៊ី