កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”

បាត់ដំបង ៖ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ  ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាស្តីពី“រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ដើម្បីឈានឆ្ពោះទៅអបអរខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។

ជាកិច្ចចាប់ផ្តើមឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជូនអង្គពិធីទាំងមូលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង ចូលរួមឧបត្ថម្ភគាំទ្ររបស់សប្បុរសជន និងក្រុមការងារទាំងអស់ដើម្បីសម្រេចបានជោគជ័យដូចការរំពឹងទុកនិងបានបង្ហាញជូននូវគោលបំណងដូចតទៅ៖
១- ផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់និងយល់ដឹងពីអ្វីដែលកាកបាទក្រហមកម្ពុជាបាននិងកំពុងធ្វើ
២-បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
៣-ដើម្បីកៀរគររកមូលនិធិសម្រាប់បន្តប្រតិបត្តិការមនុស្សធម៌ជួយប្រជាពលរដ្ឋងាយរងគ្រោះនិងចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមនានា។

ឯកឧត្តមបានបន្ថែមថា “ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី៨ ខែឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បី៖
១-រំលឹកដល់ការបង្កើតចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម(ហៅកាត់ថាចលនាអន្តរជាតិ)ឆ្នាំ១៨៦៣
២- រំលឹកដល់ថ្ងៃកំណើតលោក ហង់រី ឌុយណង់ – ស្ថាបនិករបស់ចលនាអន្តរជាតិ ថ្ងៃទី៨ ខែឧសភា
៣-ផ្សព្វផ្សាយព័ត៌មានឱ្យប្រជាជនទូទាំងសកលលោកបានដឹង និងយល់ជ្រួតជ្រាបពីអ្វីដែលចលនាអន្តរជាតិរួមជាមួយសមាគមន៍ជាតិនានា និងកម្លាំងអ្នកស្ម័គ្រចិត្ត ព្រមទាំងបង្ហាញអំពីចំណេះដឹងបន្ថែមពីបញ្ហាសុខភាព និងការប្រែប្រួលអាកាសធាតុ ដើម្បីសហគមន៍មានសុខភាពល្អ និងដើម្បីសហគមន៍មានភាពធន់នឹងអាកាសធាតុ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា “តាមការឱ្យដឹងពីក្រសួងសុខាភិបាល ជំងឺមិនឆ្លងទាំងបួនរួមមាន ជំងឺមហារីក, ជំងឺទឹកនោមផ្អែម,ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃនិងជំងឺបេះដូងសរសៃឈាមដែលជាមូលហេតុការស្លាប់ស្ទើរតែពាក់កណ្តាលក្នុងចំណោមការស្លាប់ទាំងអស់នៅកម្ពុជា”។

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមប្រធាន បានស្នើដល់មន្ទីរអង្គភាព អនុសាខាក្រុង-ស្រុកទាំងអស់ និងមន្ត្រីប្រតិបត្តិសាខា ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងភូមិសាស្ត្ររបស់ខេត្ត ហើយចូលរួមអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនគិតពីពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ៕
ដោយ ៖ សាលី

CATEGORIES
Share This