កងពលតូចថ្មើរជើងលេខ៥១ បានត្រៀមកម្លាំង រថយន្តធំ-តូច និងស៊ីទែនទឹក សម្រាប់ជួយដល់ប្រជាពលរដ្ឋ រងគ្រោះ ខ្វះទឹកប្រើប្រាស់ ក្នុងរដូវប្រាំង
បន្ទាយមានជ័យ ៖ បន្ទាប់ពីមានបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមអន្តរាគមន៍ ជួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ក្នុងពេលអាកាសធាតុក្តៅខ្លាំង នៅរដូវប្រាំងនេះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជានាយទាហាន នាយទាហានរង និងពលទាហានទ នៃកងពល៥១ ត្រៀមនូវសម្ភារៈ សម្រាប់ជួយអន្តរាគមន៍ ជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះហមន្តរាយផ្សេងៗ មិនថាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ឬគ្រោះរាំងស្ងួតនោះឡើយ គឺកម្លាំងត្រៀមខ្លួនជានិច្ច២៤ម៉ោងលើ២៤ម៉ោង។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានបញ្ជាក់ដែរថា កងពលតែងតែចេញបទបញ្ជាជាប្រចាំ ពាក់ព័ន្ធនឹងការ ប្រុងប្រៀបកម្លាំងជួយសង្រ្គោះ ប្រជាពលរដ្ឋលើគ្រប់បញ្ហាទាំងអស់ ជាពិសេសទាក់ទងនឹងបញ្ហាកង្វះទឹកនេះ គឺ អង្គភាពបានចេញបទបញ្ជា ឲ្យត្រៀមរថយន្ត ធុងទឹករួចអស់ហើយ ដរាបណាបងប្អូនប្រជាពលរដ្ឋមានបញ្ហា ឬមានបទបញ្ជារបស់យោធភូមិភាគទី៥ កងកម្លាំងនឹងចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗ តែម្តង ដោយមិនចាំយូរនោះឡើយ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា មួយរយៈពេលកន្លងមកនេះ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះព្រៃ និងផ្ទះបងប្អូនប្រជាពលរដ្ឋ បានមួយចំនួនផងដែរ មួយវិញទៀត ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាអ្វី គឺ កងពលតូចថ្មើរជើងលេខ៥១ មានកម្លាំង និងសម្ភារៈនៅក្នុងដៃគ្រប់គ្រាន់ សម្រាប់ជួយគ្រប់ពេលវេលាទាំងអស់ ៕