លោក ជួន គន្ធា អះអាងថា ការប្រកាសចែកដីជូនពលរដ្ឋ មានជាប់ពាក់ពន្ធ័មនុស្សច្រើននាក់ នៅស្រុកឱរ៉ាល់
កំពង់ស្ពឺ ៖ នៅចំពោះមុខសមត្ថកិច្ច លោក ជួន គន្ធា បានសារភាពថា ដីដែលខ្លួនបានប្រកាសចែកជូនពលរដ្ឋនាពេលកន្លងមក គឺពិតជាដីរបស់ឥឥឥ)ខ្លួនដែលបានទិញពីក្រុមគួកជេច្រើននាក់នៅស្រុកឱរ៉ាល់។នេះបើយោងតាមសម្តីរបស់សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា តាមសំដីសារភាពរបស់លោក ជួន គន្ធា បានអះអាងថាដីប្រមាណជាង១០ហិកតានៅចំនុចភូមិរោងម៉ាស៊ីន និងភូមិធ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺខ្លួនបានទិញតាមរយៈឈ្មោះ យី សារ៉ាត់ ហើយដីនេះ ឈ្មោះ យី សារ៉ាត់ បានទិញបន្តពីក្រុមគួកជេដែលមានឈ្មោះ តូច ពៅ, ជា សំអឿន, ប្រាក់ មូល, ហេង សើរ ដោយក្នុងនោះក្រុមគួកជេទាំង៤នាក់នេះ ជាអ្នករៀបចំធ្វើឯកសារកាន់កាប់ដីធ្លី។
នៅចំពោះមុខសមត្ថកិច្ចលោក ជួន គន្ធា ក៏បានបញ្ជាក់បន្ថែមថា ចំពោះលិខិតទិញ-លក់ ធ្វើឡើងក្រោមការសម្របសម្រួលពីសំណាក់មេធាវី ឈ្មោះ អ៊ែល វណ្ណៈ ជាក្រុមខាងអ្នកលក់ដី ដោយក្នុងនោះលោកមេធាវីបានប្រាប់អ្នកពាក់ព័ន្ធថា មិនបាច់ធ្វើកិច្ចសន្យាលក់អីនោះទេ គឺធ្វើតែកិច្ចសន្យារួមតែម្តងទៅ ក្នុងការទូទាត់ប្រាក់ និងក្នុងការបំពេញលក្ខខណ្ឌនានា ហើយក្នុងនោះលោក ជួន គន្ធា ក៏បានអះអាងថាមិនបានសាកសួររកលិខិតលក់ផ្តាច់ពីអ្នកលក់ឱ្យឡើយ(ម្ចាស់ដើម)។
សូមបញ្ជាក់ផងដែរថា ក្រោយមានការប្រកាសចែកដីជូនពលរដ្ឋ រដ្ឋបាលស្រុកឱរ៉ាល់ក៏បានចេញលិខិតបដិសេធ ចំពោះព័ត៌មានថា មានបុគ្គលឈ្មោះ ជួន គន្ធា ធ្វើការចែកដីជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។ ការបដិសេធនេះ បន្ទាប់ពីមានសេចក្ដីជូនដំណឹងមួយរបស់បុគ្គលឈ្មោះ ជួន គន្ធា បានចេញសេចក្ដីជូនដំណឹង ដោយបានអះអាងថានឹងកាត់ដីឡូត៍ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្ដកំពង់ស្ពឺ ដើម្បីសាងសង់លំនៅដ្ឋាន ឬអាស្រ័យផល ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់។ ការប្រកាសនៅលើបណ្តាញសង្គម លោក ជួន គន្ធា បានប្រកាសចែកជូនដីជូនប្រជាពលរដ្ឋក្រីក្រក្នុងទំហំ១០ គុណ ៣០ម៉ែត្រ តែត្រូវចេញលុយម្នាក់ៗ ៤៥០ដុល្លារ ជាថ្លៃរដ្ឋបាល និងការឈូសឆាយដី។
សូមរំឭកថា លោក ជួន គន្ធា ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងការប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចោទប្រកាន់លោក ជួន គន្ធា ពីបទ «ប៉ុនប៉ងឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលកើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕
ដោយ ៖ ប៊ុត សារុន